មន្ទីរបរិស្ថានខេត្តកណ្តាលប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ « ថែទាំភពផែនដី ដើម្បីសុខភាពយើង » នៅក្នុងបរិវេណវត្តឆក់ឈើនាង ស្រុកអង្គស្នួល
កណ្តាល៖ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ« ថែទាំភពផែនដី ដើម្បីសុខភាពយើង » នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តឆក់ឈើនាង ស្ថិតនៅក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាលបានថ្លែងថាជារៀងរាល់ឆ្នាំ ថ្ងៃទី៥ ខែមិថុនា គឺជាថ្ងៃប្រារព្ធទិវាបរិស្ថានពិភពលោក តាមការផ្តួចផ្តើមគំនិតរបស់អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ដោយយោងទៅតាម អនុក្រឹត្យលេខ១៥ អនក្របក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកថ្ងៃទី៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ធ្វើរួមគ្នាតែម្ដង ដើម្បីចូលរួមអនុវត្តកិច្ចគាំពារបរិស្ថានភពផែនដី តាមស្មារតីអង្គការ កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ដែលមានរដ្ឋាភិបាលប្រទេសនានាលើសកលលោក ចូលរួមប្រារព្ធទិវានេះ ដើម្បីបណ្តុះមនសិការមនុស្សជាតិ ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សា ការពារបរិស្ថានភពផែនដីឱ្យបានប្រសើរ។
នាឱកាសនោះ លោកប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលក៏បានថ្លែងបន្តក្នុងនោះប្រជាពលរដ្ឋកម្ពុជាក៏បានចូលរួមសកម្មភាពនេះ មានរយៈពេល២៩ឆ្នាំហើយ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះឱ្យមាននិរន្តរភាព និងលើកកម្ពស់ការរស់នៅប្រកបដោយចីរភាពឲ្យបានប្រសើរផងដែរ។
លោកបន្តទៀតថា ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅដែរ ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្ដីណែនាំ និងបានបំផុសឱ្យក្រសួង ស្ថាប័ន មន្ទីរបរិស្ថានរាជធានី-ខេត្ត អង្គការសង្គមស៊ីវិលជាដៃគូ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមប្រារព្ធទិវានេះ ឱ្យបានសកម្មនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកែប្រែផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់ បរិស្ថាន មានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដោយរៀបចំ ជាសកម្មភាពធ្វើអនាម័យបរិស្ថាន ប្រមូលសំរាម ថង់ប្លាស្ទិក និងចូលរួមដាំដើមឈើនៅតាមមូលដ្ឋាន ទីប្រជុំជននិងតាមដងផ្លូវនានា ដើម្បីបង្កើនសោភ័ណភាពស្រស់បំព្រងបៃតងជានិច្ច ទប់ស្កាត់ការរីករាលដាលជម្ងឺ ឆ្លង និងការលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិរបស់យើង។
ជាមួយគ្នានោះលោកប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលក៏បានលើកឡើងចំនួន៥ចំណុចបន្ថែមទៀតស្តីពីការរៀបចំ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២នេះ ដូចតទៅ៖
*ទី១-នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ប្រារព្ធនៅសាលាបឋមសិក្សាទេពប្រណម្យ ភូមិម្លូម៉ឺន ឃុំផ្សារ – ដែក ស្រុកពញាឮ ប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល មានអ្នកចូលរួមចំនួន៥៥០នាក់ ប្រុស២៨៥នាក់ ស្រី២៦៥នាក់ ដោយបានដាំ និងចែកកូនឈើយកទៅដាំបន្តចំនួន៣២០ដើម ជាប្រភេទកូនឈើ បេង ក្រញូង គគីរ លឿងរាជ អង្កាញ់ ស្វាយកែវរមៀត បានរៀបចំកែលម្អឡើងវិញផ្ទាំងប៉ាណូមួយផ្ទាំង(រួមគា្នទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលប្លាស្ទិក) ព្រមទាំងចែកជូនធុងសំរាម ដល់សាលាបឋម សិក្សាទេពប្រណម្យ ចំនួន ២ធុង និងវិទ្យាល័យទេពប្រណម្យ ចំនួន ២ធុង។
*ទី២-នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ប្រារព្ធនៅទីតាំងសាលាឃុំរកាជន្លឹង ភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ប្រធានបទ«ការបំពុលខ្យល់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល មានអ្នកចូលរួមចំនួន៥៥០នាក់ ប្រុស២៩០នាក់ ស្រី២៦០នាក់ ដោយបានដាំ និងចែកកូនឈើយកទៅដាំបន្តចំនួន២៥៥ដើម ជាប្រភេទកូនឈើគគីរ លឿងរាជ គីនីន ល្ពៅ អំពិល ដើម ឆ័ត្រ អាកាស្យា និងបានចែកជូន ចបកាប់ ២ ត្រសេះ ២ ធុងទឹក ១ ដល់សាលាឃុំរកាជន្លឹង សម្រាប់ជួយថែរក្សា កូនឈើក្នុងតំបន់សាលាឃុំផងដែរ។
*ទី៣-នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ដោយសារតែ ការឆ្លងរាលដាលជម្ងឺកូវីដ,១៩ ជាសកល មន្ទីរបរិស្ថាន មិនបានសហការរៀបចំទិវានេះ នៅទីតាំងណាមួយទេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ប៉ុន្តែមន្ទីរបានធ្វើការ ផ្សព្វផ្សាយព័ត៌មានបន្ត(Share) នូវព្រឹត្តិការណ៍ទិវានេះ ពីហ្វេសប៊ុកផេករបស់ក្រសួងបរិស្ថាន។
*ទី៤-នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២១ ដោយសារវិបត្តិជម្ងឺកូវីដ.១៩ នៅតែបន្ត មន្ទីរបរិស្ថានបាន សុំការអនុញ្ញាតពីរដ្ឋបាលខេត្តកណ្តាល ធ្វើការផ្សព្វផ្សាយទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោម ប្រធានបទ“ជីវៈចម្រុះ និងសុខភាពមនុស្ស” ដោយបានផលិតបដាពាក្យស្លោកបរិស្ថាន ចែកជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១១ យកទៅចងផ្សព្វផ្សាយបន្ត និងចុះផ្សព្វផ្សាយផ្ទាល់ តាមរយៈរថយន្ត ដោយប្រើប្រព័ន្ធឧឃោសនស័ព្ទ និងមានចងបដាពាក្យស្លោកបរិស្ថាន នៅតាមទីតាំងមួយចំនួន នៃក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកៀនស្វាយ ក្នុង នោះមាន សារគន្លឹះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងក្នុងទិវា បរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២១ និងខ្លឹមសារអប់រំបរិស្ថានមួយចំនួនទៀត ព្រមទាំងផ្សព្វ ផ្សាយតាម ហ្វេសប៊ុកផេករបស់មន្ទីរបរិស្ថានផងដែរ។
*ទី៥-នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ដោយសារតែនៅថ្ងៃទី៥ ខែមិថុនា កន្លងទៅ មានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ យើងបានសម្របសម្រួលរៀបចំទិវានៅពេលនេះ ក្នុងទីតាំងនេះតែម្តង ដោយមានប្រធានបទ៖ ថែទាំភពផែនដី ដើម្បីសុខភាពយើង ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ លោក ជំទាវ ម៉ុមថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល មានអ្នកចូលរួមចំនួន៣៣០នាក់ ប្រុស១៧០នាក់ ស្រី១៦០នាក់ ដោយបានដាំ និង ចែកជូនកូនឈើយកទៅដាំបន្ត ចំនួន២២៤ដើម ជាប្រភេទកូនឈើ ក្រញូង បេង នាងនួន គគីរ លឿងរាជ អង្កាញ់ កសិកម្ម ស្តាំ ជ្រៃលាភ រំដួល ខិតប័ណ្ណ ដើមឆ័ត្រម៉ាឡេ ជីកំប៉ុស្តិ៍ ៤៥ការ៉ុង និងបានចែកជូនធុងសំរាម អំបោស ថៃដងវែង មួយចំនួនដល់សាលាឃុំឆក់ឈើនាង អនុវិទ្យាល័យហ៊ុន សែនឆក់ឈើនាង សាលាបឋមសិក្សាឆក់ ឈើនាង សាលាបឋមសិក្សាព្រះនាគ សាលាមតេយ្យឆក់ឈើនាង វត្តឆក់ឈើនាង និងចែកជូនបជាអប់រំបរិស្ថាន ការគ្រប់គ្រងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងថង់ប្លាស្ទិក ដែលពុំចាំបាច់ផងដែរ។
គួររំលឹកផងដែរថា ស្ថិតិអ្នកចូលរួមក្នុងព្រឹត្តិការណ៍ទិវានេះចាប់ពីឆ្នាំ២០១៨មក មានចំនួន១៤៣០នាក់ ប្រុស៧៤៥នាក់ ស្រី៦៨៥នាក់ បានដាំនិងចែកជូនកូនឈើយកទៅដាំបន្តចំនួន៧៩៩ដើម ជីកំប៉ុស្តិ៍៤៥ការ៉ុង ដាំផ្ទាំងប៉ាណូអប់រំបរិស្ថាន១ផ្ទាំង ចែកជូនបដាអប់រំបរិស្ថាន២១ផ្ទាំង ធុងសំរាមចំនួន២៤ធុង និងសម្ភារអនាម័យ មួយចំនួនទៀតដល់សាលារៀន វត្ត និងសាលាឃុំមួយចំនួនផងដែរ៕