ខេត្តកណ្តាល៖ តាមការរៀបរាប់ពីកុមារីជាសិស្សសាលា បានប្រាប់ឲ្យភ្នាក់ងារព័ត៌មានយើង ដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ពិបាកខ្លាំងណាស់ពូ ខោក្មួយប្រឡាក់អស់ហើយ ពេលខ្លះអត់បានទៅដល់សាលាផងពូ ព្រោះរអិល ដួលកង់ ប្រឡាក់ទាំងខោអាវនិងកាតាបអស់ពូ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវទំនប់៣៨បានឲ្យដឹងដែរថា ប្រជាជននៅតំបន់នេះជួបការលំបាកខ្លាំងណាស់ ជាពិសេសឲ្យតែដល់រដូវភ្លៀង និងរដូវវស្សាមកដល់ ម៉ូតូជិះអត់រួចទេ រអិលដូចខ្លាញ់ កូនគាត់ក៏ទៅរៀនមិនទាន់ម៉ោង ពេលខ្លះទៅមិនទាន់ដល់សាលាដួលកង់ប្រឡាក់អស់ ហើយបើកបានតែគោយន្តទេ។
ប្រភពផ្សេងទៀតបន្តថា ពេលខ្លះអ្នកភូមិឈឺ ឬឈឺពោះរកឆ្លងទន្លេអីពិបាកណាស់ ជិះតាមផ្លូវនេះជិះអត់កើតទេ រអិលក៏រអិល រលាក់ក៏រលាក់ មានតែទៅតាមទូកទេ តែទូកយឺតណាស់ ត្រូវវៀងឆ្ងាយ លើកគ្រាអ្នកជំងឺចុះឡើងៗ ពិបាកដល់គ្នាណាស់។
ប្រជាពលរដ្ឋក៏បានស្នើសុំឲ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល និង លោកចៅហ្វាយស្រុកកោះធំ អញ្ជើញចុះមកពិនិត្យផង ព្រោះផ្លូវនៅភូមិឃុំគេលើៗ គេមានបេតុងអស់ហើយ កុំស្រឡាញ់តិនិងម៉ាស៊ីនត្រជាក់ពេក ឧស្សាហ៍ចុះដើរមើលផ្លូវផង។
ជាក់ស្តែងនៅថ្ងៃនេះ អ្នកព័ត៌មានយើង បើកម៉ូតូចុះទៅពិនិត្យមើលពីស្ថានភាពជាក់ស្ដែងក៏ឃើញថា ផ្លូវទំនប់៣៨ ខាងលើនេះ ពិតជាមានភក់ជ្រាំ រអិល ជង្ហុក រលាក់ពិបាកខ្លាំងប្រាកដមែន៕