ជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីលើភ្នំ បានជន់លិចផ្លូវ និងតំបន់ខ្លះ នៅក្នុងឃុំគោកដូង

ខេត្តសៀមរាប៖ ​រដ្ឋបាលឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងឃុំគោកដូងទាំងមូល ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយ ស្ថានភាពទឹកជំនន់កើតឡើងនាយប់ថ្ងៃទី១២ ឈានចូលព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ បានបណ្ដាលឱ្យមានការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបណ្ដាលភូមិ និងវត្តអារាម រួមទាំងដំណាំកសិផល របស់ប្រជាពលរដ្ឋខ្លះផងដែរ។ ដូចនេះប្រជាពលរដ្ឋ ទាំងមូលមេត្តារក្សាការពារទ្រព្យសម្បត្តិ និងការពារកុមារតូចៗក្នុង ពេលដែលស្ថានភាព ទឹកកំពុងតែឡើងខ្លាំងនេះ ព្រោះវាអាចមានបញ្ហាកើតឡើងគ្រប់ពេល។

​លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកក្កដា នេះថា ជំនន់ទឹកភ្លៀងនៅក្នុងឃុំគោកដូងនេះ គឺបណ្តាលមកពីមានភ្លៀងធ្លាក់ ខ្លាំងជាប់គ្នាធ្វើ ឱ្យទឹកដែលហូរមកពីលើភ្នំធ្លាក់មកខ្លាំងបណ្តាលឱ្យហូរលិចផ្លូវ វត្តអារាម រួមទាំងដំណាំ កសិផលមួយចំនួន ប៉ុន្តែស្ថានភាពទឹកជំនន់នេះ មិនទាន់ធ្ងន់ធ្ងរទេ ព្រោះនៅតាមវាល ស្រែទឹកមិនទាន់ពេញព្រៀបនៅឡើយ ដូចនេះជំនន់ទឹកភ្លៀងនេះ អាចស្រកទៅវិញលឿន។​ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកអភិបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះធម្មជាតិនេះ ដោយត្រួវរក្សា ការពារទ្រព្យសម្បត្តិ និងការពារកុមារតូចៗឱ្យបានល្អ ជាពិសេសត្រូវប្រយ័ត្នចំពោះសត្វមានពឹស៕ ប្រភព៖ ផេក ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង
Open

Close