ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសកម្ពុជា អាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ!
ខេត្តតាកែវ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា ៖ ប្រទេសកម្ពុជា អាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ ដោយសារការដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណារក្សាការពារឱ្យបាននូវអាយុជីវិត, ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែក។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ, ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ, ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។ សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តត្រាណក្នុងរយៈពេលជិត ២៤ឆ្នាំ មកនេះ អាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើសិនគ្មានការចូលរួមប្រកបដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខថ្នាក់ដឹកនាំក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឱ្យបានដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ការកើតឡើងនូវ សមិទ្ធផលជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា និងឱកាសបានជួបជុំធ្វើបុណ្យសម្ពោធឆ្លងជាបន្តបន្ទាប់ ដូចពេលបច្ចុប្បន្នេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវអត្ថន័យច្រើនយ៉ាង៖ ទី១. ភាពជោគជ័យគួរជាទីមោទនៈនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងលើការងារបង្ការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង, ទី២. ការកើនឡើងលទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ ដោយរក្សាបាននូវភាពធនរឹងមាំ, ទី៣. ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ តាមរយៈជំនឿសទ្ធាជ្រះថ្លាដ៏មុតមាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ មក, និងទី៤. បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងទីអារាមដែលមានអាយុកាលប្រមាណ ២២០ ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផលជាច្រើនបន្តបន្ទាប់ផងដែរ តាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដោយសារវត្តនេះធ្លាប់ជាទីកន្លែងសម្រាប់ធ្វើបុណ្យទានផង និងក៏ជាសាលាបង្រៀនអក្សរសាស្ត្រ និងបង្ហាត់ក្បាច់គុណបុរាណដល់កូនចៅអ្នកស្រុកផងដែរ ប៉ុន្តែជាអកុសល នៅក្នុងរបបអាវខ្មៅប៉ុលពត ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយទីតាំងវត្តត្រូវបានប្រែក្លាយជាមន្ទីរពេទ្យ និងតំបន់កប់សពអ្នកជំងឺ។ ដូច្នេះ ការរីកចម្រើននៅទីនេះ ក៏អាចឆ្លុះបញ្ចាំងឱ្យឃើញអំពីនិន្នាការរួមនៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយការរស់រានឡើងវិញចាប់ពីឆ្នាំ១៩៧៩ ដែលថ្នាក់ដឹកនាំទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋ បានរួបរួមគ្នាក្នុងធ្លុងមហាសាមគ្គី និងខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនរុងរឿងឡើងវិញ រហូតមកដល់បច្ចុប្បន្ន។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមសម្តែងនូវការអបអរសាទរប្រគេនចំពោះព្រះភិក្ខុ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ដែលទទួលបានការទុកព្រះទ័យ និងការទុកចិត្តពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និង សម្តេចតេជោ នាយករដ្ឋមន្ត្រី, គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា តែងតាំងជា ព្រះគូធីរវង្សាចារ្យ អនុគណស្រុកត្រាំកក់ ដើម្បីព្រះអង្គបន្តចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកត្រាំកក់ ខេត្តតាកែវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។