លក់ផ្លាក លេខពិសេស ផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខ ពិសេស (រាជធានី-ខេត្ត) បានចំណូលប្រមាណ ១០ លានដុល្លារ

ភ្នំពេញ៖ នៅថៃ្ងចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួង។

អង្គប្រជុំបានផ្តោតការពិភាក្សាលើរបាយការណ៍ពាក់ព័ន្ធនឹងសកម្មភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស និងបញ្ហាពាក់ព័ន្ធផ្សេងៗ ដើម្បីជជែកពិភាក្សារិះរកមធ្យោបាយធ្វើយ៉ាងឱ្យការគ្រប់គ្រងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនកាន់តែមានភាពប្រសើរឡើង និងអាចបំពេញតាមតម្រូវការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកប ដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូត ឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពល រដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំបានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការជ្រើសរើសប្រធានបទសម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និង លេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្តបានឱ្យដឹងថា៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) សរុបបានចំនួន ១៩ ៧៦៦ លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះ៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានចំណូលថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានចំណូលថវិកាប្រមាណ ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close