ធ្វើដំណើរឡើងចុះ ច្រកព្រំដែនអានសេះ ! សូមប្រុងប្រយ័ត្នដោយសារគ្រោះធម្មជាតិដុំថ្មធ្លាក់ពីលើកំពូលភ្នំ!

ព្រះវិហារ៖ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឡើងទៅកាន់ ច្រកអានសេះ ព្រំដែនថៃ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារមានគ្រោះធម្មជាតិមួយបានកើតឡើង លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ ដោយមានថ្មធ្លាក់ពីលើកំពូលភ្នំ។ បើតាមលោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា ករណីដុំថ្មធ្លាក់ពីលើភ្នំ កាត់ផ្លូវឡើងទៅច្រកអានសេះនេះ គឺមិនបានបង្ករគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋនោះទេ ហើយករណីនេះសង្ស័យថា បណ្តាលមកពីគ្រោះធម្មជាតិភ្លៀងធ្លាក់ជោគជាំខ្លាំង បណ្តាលឱ្យទឹកភ្លៀងហូរច្រោះដីលើកំពូលភ្នំទើបបណ្តាលឱ្យដុំថ្មធ្លាក់មកបែបនេះ។

លោកអធិការស្រុក បានថ្លែងទៀតថា មកដល់រសៀលថ្ងៃនេះ ផ្លូវឡើងទៅកាន់ច្រកអានសេះ ជាប់ព្រំដែនថៃ អាចធ្វើដំណើរបានធម្មតាដោយសារពីកន្លែងដុំថ្មដែលធ្លាក់ ទៅកាន់ចិញ្ចើមផ្លូវផ្នែកខាងស្តាំដៃនៅសល់ទំហ៊ំ៥ម៉ែត្រ ហើយដុំថ្មដែលធ្លាក់ទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងកំពស់ ១,២០ម៉ែត្រ ហើយក្រុមការងារគ្រោងយកគ្រឿងចក្រទៅរុញដុំថ្មនេះចេញពីផ្លូវផងដែរ។សូមបញ្ជាក់ថា ច្រកព្រំដែនអានសេះ ស្ថិតក្នុងភូមិកំពង់ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងនឹងបើកជាផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ បន្ទាប់ពីបិទជាបណ្តោះអាសន្នអស់រយៈពេល ជាង២ឆ្នាំ ដោយវិបត្តិជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង
Open

Close