ជនជាតិចិន ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូ ដូចគ្នា បណ្ដាលឲ្យដួល ត្រូវរថយន្ត មិនស្គាល់ម៉ាកបើកកិនស្លាប់! 

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់បានស្លាប់បាត់ ជីវិត នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ PCX ទាក់ដៃចង្កូតជាមួយម៉ូតូស្មាក់វី បណ្តាលឲ្យដួលទៅនឹងថ្នល់ត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយកិនស្លាប់ ឯភាគីម្ខាងទៀតរត់ចោលម៉ូតូបាត់។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី វេលា ម៉ោង១១និង៥០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចមុខការ៉ាស សាំង total តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស ជាជនជាតិចិន។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញជនរងគ្រោះដែល ជា ជនជាតិចិន ជិះម៉ូតូម៉ាក pcx មួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ 1IM-4311 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមក ដល់ចំណុចកើតហេតុខាងលើបានទាក់ដៃ ចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HK-0335 ជិះដោយប្រុសស្រីពីរ នាក់ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលទៅ និងថ្នល់ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបេីកមកពីក្រោយកិនជនរងគ្រោះបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោច អាធម៌ ចំណែករថយន្តបានបើកបន្តទៅមុខ បាត់ស្រមោល។ ឯភាគីម៉ូតូម្ខាងទៀតបាន រត់ គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅនឹងកន្លែងកេីតហេតុ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានមកដល់ក៏ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូទាំង 2 គ្រឿងទៅរក្សាទុក រង់ចាំ ធ្វើការស្រាវជ្រាវបន្ត។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close