ច្បាស់ហើយ លេខទូរសព្ទ មេប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ខលមិនចូលមូលហេតុលោក ចាន់ រស្មី សុំច្បាប់ទៅព្យាបាលជំងឺនៅក្រៅប្រទេស!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន AK NEWS TV ដែលបានចុះផ្សាយ មានខ្លឹមសារថា៖ តើសង្វៀនជល់មាន់ និងអាប៉ោងជារបស់អ្នកណា? បានបន្តបើកដំណើរការបានយ៉ាងរលូន ខណៈសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប ស្ថិតក្នុងភូមិសាស្រ្ត ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវបបង្រ្កាបករណីខាងលើ។
ជាលទ្ធផល៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកអធិការ ចាត់ឱ្យលោកវរសេនីយ៍ទោ លន ចាន់ថា អធិការរងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប្រជាការពារចុះស្រាវជ្រាវបង្ក្រាបល្បែងជល់មាន់នៅខាងលិចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ប៉ុន្តែនៅពេលកម្លាំងចុះទៅដល់ចំណុចខាងលើ ពុំបានជួបប្រទះសកម្មភាព ជល់មាន់ និងមុខសញ្ញាគួរឱ្យសង្ស័យឡើយ។
សូមបញ្ជាក់ថា : កន្លងមកនៅភូមិតាពេជ (ចំណុចខាងលិចភូមិ ក្រោមដើមស្វាយ) មានចម្ងាយ១០០ម៉ែត្រ ពិតជាធ្លាប់មានប្រជាពលរដ្ឋដែលញៀនល្បែងជល់មាន់លួចឆ្មក់ជល់មាន់ពិតប្រាកដមែន តែពុំមានលក្ខណៈជាសង្វៀននោះទេ។ ចំណែកឈ្មោះ សាក់ ឈីន ដែលអ្នកសារព័ត៌មាន AK NEWS TV ផ្សាយថាជាអ្នកបើកល្បែង និងជាអ្នកធ្វើអាជ្ញាកណ្ដាលមាន់ជល់នោះ សមត្ថកិច្ចនគរបាលយើងពុំដែលស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនមានឈ្មោះនៅក្នុងគល់បញ្ជី(ក២) គល់បញ្ជី(ក៤) ឬការស្នាក់នៅបណ្ដោះអាសន្ន(ក៨) របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវគ្រប់គ្រងឡើយ។
ចំពោះការលើកឡើងថា លេខទូរស័ព្ទរបស់លោកវរសេនីយ៍ត្រី ចាន់ រស្មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ខលមិនចូលមូលហេតុលោក ចាន់ រស្មី សុំច្បាប់ទៅព្យាបាលជំងឺនៅក្រៅប្រទេស។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តល្បាត ពួនស្ទាក់ ស៊ើបអង្កេត នៅចំណុចភូមិសាស្រ្តខាងលើ ប្រសិនជាជួបប្រទះសកម្មភាពលួចលាក់ជល់មាន់ និងល្បែងស៊ីសងល្បែងៗនោះ សមត្ថកិច្ចបង្រ្កាបចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕