ពលរដ្ឋ៖ សុំជួយលាក់សំណូមពរខ្ញុំផង លោកពូ ខ្លាចអ្នកម្តុំនោះដឹង ក្រុមពួកហ្នឹងជេរ សាហាវណាស់ អរគុណលោកពូ»

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា «ជំរាបសួរលោកពូ តើក្មួយអាចសំណូមពរ មួយ បានទេ ពាក់ព័ន្ធជាមួយនឹងល្បែងស៊ីសង (បៀ ឡូតូ) ក្នុងភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាច្រើនខែឆ្នាំហើយ ដូចជាគ្មានវិធានការ ទៅលើក្រុម អ្នកលេងទាំងនោះ សោះ។ ខ្លះហិង្សាក្នុងគ្រួសារ ខ្លះជំពាក់ធនាគារ ជុំទិស ដោយសារតែល្បែងទាំងនោះ ខ្ញុំខ្លាច តែយូរៗទៅ កើតមានចោរកម្ម និងអសន្តិសុខ ក្នុងសហគមន៍ទេលោកពូ ។

សូមលោកមេត្តា ជួយដោះស្រាយបញ្ហានេះផងលោកពូ សុំជួយលាក់សំណូមពរ ខ្ញុំផងលោកពូ ខ្លាចអ្នកម្តុំនោះដឹង ក្រុមពួកហ្នឹងជេរ សាហាវណាស់ អរគុណលោកពូ»។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឱ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖នៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី លោកអធិការបញ្ជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍
នគរបាលរដ្ឋបាលវិហារសួគ៌ ចុះស្រាវជ្រាវបង្ក្រាបទីតាំងមួយកន្លែងនៅផ្ទះឈ្មោះ ថន ម៉េន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានលួចលាក់ផ្តល់ទីតាំងលេងល្បែងស៊ីសង(បៀ)។ ចំពោះករណី នេះនៅមុនពេលសមត្ថកិច្ចចុះទៅដល់មានអ្នកលេងល្បែងប្រហែក៤ទៅ៥នាក់ បានរត់គេចខ្លួនអស់។

ជាចំណាត់ការ : កម្លាំងសមត្ថកិច្ចបានហៅ ឈ្មោះ ថន ម៉េន (ជាម្ចាស់ផ្ទះ) មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។

ក្រោយធ្វើការសាកសួររួចសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំដល់ឈ្មោះ ថន ម៉េន មិនឱ្យផ្តល់ទីតាំង ឬលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។ ប្រសិននៅតែបន្តលួចលាក់ផ្តល់ទីតាំង ឬលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៀតសមត្ថកិច្ចនឹងបង្រ្កាបចាត់ការតាមនីតិវិធី។

ដោយឡែក ពាក់ព័ន្ធឆ្នោតឡូតូ នៅក្នុងភូមិសាស្រ្ត ឃុំវិហារសួគ៌ គឺមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារស្របច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close