ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបជូនសាធារណជន ទៅនឹងគេហទំព័រសារព័ត៌មាន ដេលីប៉ុស្តិ៍ហ៊តញូវស៍ ដែលបានចុះផ្សាយមានខ្លឹមសារចំណងជើងថា៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធទូរទស្សន៍អនឡាញគ្រប់ប្រភេទ ក្នុងឃុំអរិយក្សត្រ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់ គ្មានវិធានការបង្រ្កាប។
ក្រោយពីទទួលបានព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកអធិការនគរបាលស្រុកល្វាឯម ស្រាវជ្រាវបង្រ្កាបទីតាំងខាងលើ។
ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ មួង រដ្ឋា អធិការនគរបាលស្រុកល្វាឯម បានបញ្ជាឱ្យកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានចុះទៅដល់ទីតាំងដែលចុះផ្សាយខាងលើនោះ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ នៅពេលកម្លាំងចុះទៅដល់ទីតាំងជាក់ស្ដែងឃើញថា នៅក្នុងទីតាំងនោះពុំឃើញមានអ្នកចូលលេងនោះទេ ឃើញមានតែទូរទស្សន៍ ចំនួន៩គ្រឿង ដាក់តម្រាបនៅលើតុ និងអ្នកមើលការខុសត្រូវចំនួន២នាក់។ តាមការពិនិត្យជាក់ស្តែង នៅក្នុងបរិវេណ ទីតាំងនោះ ឃើញថា មានលិខិតអនុញ្ញាត ឱ្យបើក អ៊ីនធឺណេត កាហ្វេ។
ជាចំណាត់ការ : កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំ និងឱ្យយម្ចាស់ទីតាំងធ្វើកិច្ចសន្យាមិនឱ្យមានសកម្មភាពលួចលាក់លេងល្បែងស៊ីសងតាមទូរទស្សន៍អនឡាញឡើយ គឺឱ្យពួកគាត់ត្រូវតែអនុវត្តទៅតាមលិខិតអនុញ្ញាតតែប៉ុណ្ណោះ។
ចំពោះករណីនេះ កម្លាំងជំនាញពាក់ព័ន្ធបន្តស៊ើបអង្កេត ទីតាំងខាងលើ ប្រសិនជាពិនិត្យឃើញមានករណីលួចលាក់លេងល្បែងស៊ីសងផ្សេងៗ និងបង្រ្កាបចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕