កសិដ្ឋានចិញ្ចឹមចង្រិតមួយកន្លែងនៅខេត្តតាកែវ កំពុងបង្កើនការចិញ្ចឹម ស្របពេលដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្ត!
យោងតាម ផេកក្រសួងព័ត៌មាន បញ្ជាក់ថា ៖ កសិដ្ឋានចិញ្ចឹមចង្រិតមួយកន្លែងនៅខេត្តតាកែវ កំពុងបង្កើនការចិញ្ចឹម ខណៈដែលសត្វប្រភេទនេះ កំពុង ពេញនិយមបរិភោគរបស់ប្រជាពលរដ្ឋខ្មែរ និងមានភាពងាយស្រួលចិញ្ចឹមទៀតផង ។
លោក ញឿក ភារម្យ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត ស្ថិតឃុំបារាយណ៍ ក្រុងដូនកែវ ខេត្ត តាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមចង្រិតរយៈពេល១២ឆ្នាំហើយ ដោយដំបូងរៀនពីយូធូប និងស្រាវ ជ្រាវតាមជាក់ស្តែង គឺរៀនបណ្ដើរចិញ្ចឹមបណ្ដើរ។លោកបន្ដថា មកដល់បច្ចុប្បន្ន បានពង្រីកការចិញ្ចឹមចង្រិតរហូត ដល់៤០០ទ្រុងហើយ ដែលអាចលក់ចេញបានចន្លោះ ១០០គីឡូក្រាម ទៅ១តោនក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូតម្លៃចន្លោះពី១២៥០០ រៀល ទៅ១៣០០០រៀល ភាគច្រើនលក់នៅក្នុងខេត្តតា កែវ និងនាំទៅលក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រោះដោយសារសត្វប្រភេទនេះ សម្បូរវីតាមីន និងជាអាហារពេញនិយមបំផុតរបស់ប្រជាពលរដ្ឋខ្មែរ និងមិនសូវមានការប្រកួតប្រជែង។
លោកបន្ដថា ចំពោះចំណូលពីមុខរបរចិញ្ចឹមចង្រិតនេះ ក្នុងមួយខែបានជាង១ពាន់ដុល្លារ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ «ទាក់ទងនឹងការ ផលិតរបស់ខ្ញុំគឺដំបូងឡើយគឺធ្វើតែតូចមួយទេ និយាយទៅខ្ញុំមានការវិវត្តជាពីរដំណាក់ កាល ទីមួយខ្ញុំចិញ្ចឹមខ្លួនឯងពីតិច ប៉ុន្តែដោយសារដំណាក់ កាលទីផ្សារមានតម្រូវការច្រើនខ្ញុំអាចផលិតបានច្រើន ចាប់រាល់ថ្ងៃមួយថ្ងៃបានមិនក្រោមពី២០០ទៅ ៣០០គីឡូទេ។ ថ្ងៃណាខ្លះតាមតម្រូវការភ្ញៀវអាចឡើងជិត១តោនក៏មាន។
ហើយទាក់ទងទៅនឹងការវិវត្តទីពីររបស់ខ្ញុំឥឡូវនេះខ្ញុំចិញ្ចឹមយកពូជទេភាគច្រើន ហើយផ្ដល់បច្ចេកទេសឱ្យកូនសិស្ស និងទទួលទិញពីគាត់វិញ។
អ៊ីចឹងខ្ញុំវិវត្តខ្លួនមួយដំណាក់ទៀត គឺលក្ខណៈជាទីផ្សារផងនិងលក្ខណៈបច្ចេក ទេសជូនពួកគាត់ផង។ ហើយចំពោះប្រាក់ចំណូលគឺល្អប្រសើរជាងមុនអាចរកប្រាក់ ចំណូលមិនក្រោម១ពាន់ដុល្លារទេក្នុងមួយខែ»។
លោក ញឿក ភារម្យ បានលើកទឹកចិត្តដល់ប្រជាកសិករដែលមានបំណងចង់ចិញ្ចឹមចង្រិតអាចទាក់ទងបានពីបច្ចេកទេសចិញ្ចឹបនេះបាន ព្រោះសត្វចង្រិត គឺវាងាយ ស្រួលចិញ្ចឹមជាងសត្វដទៃដោយចំណាយដើមទនុតិច ប្រើពេលវេលាតិច ហើយបានចំណូលខ្ពស់។ លោកបន្ថែមថា លើសពីនេះទៀត គឺមានទីផ្សារស្រាប់ដោយលោកនឹងទទួលទិញចូលវិញ៕