ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ២០២២ ក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើងរួមគ្នាកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក”
ខេត្តព្រះសីហនុ ៖ នៅសួនច្បារសម្ដេចតេជោឆ្នេរ (ព្រែកត្រែង) ក្រុងព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ២០២២ ក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើងរួមគ្នាកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” ដោយមានការអញ្ជើញចូលរួមពីលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក សា មុតសុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកក្នុងគោលបំណង បំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់វុធ មន្ត្រីរាជការ សិស្ស និស្សិត សាធារណៈជន ចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង ការរស់នៅប្រកបដោយចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុននឹងដឹកជញ្ជូនទៅកាន់ទីលានសុវត្ថិភាព។
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ៥ មិថុនា ជាទិវាបរិស្ថានជាតិ ហើយឆ្នាំ ២០២២ គឺជាខួបលើកទី៣០សម្រាប់ប្រទេសកម្ពុជាក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។ ការប្រារព្ធទិវាបរិស្ថានផ្ដោតសំខាន់លើការ ថែទាំភពផែនដី ធន ធានទឹក ស្រទាប់អូហ្សូន ការផ្លាស់ប្ដូរអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមទៀតថា ជាច្រើនទសវត្សរ៍ចុងក្រោយនេះ ដោយសារមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនាំឱ្យមានការកើនឡើងនូវបរិមាណសំណល់រឹង រួមទាំងកាក សំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាផងដែរ។ យោងតាមរបាយការណ៍របស់ (យូអិនឌី) ក្នុងឆ្នាំ២០១៨ ប្រទេសកម្ពុជាបង្កើតកាកសំណល់រឹងប្រហែល ៣លានតោន សំណល់ឧស្សាហកម្ម និងពាណិជ្ជកម្មប្រហែល ១៦លានតោន។ បរិមាណសំណល់ មានការកើន ឡើងយ៉ាងឆាប់រហ័សនាំឱ្យយើងមានវិធាន ការដោះស្រាយជាបន្ទាន់ សំដៅបង្កើនការយល់ដឹងដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយជាភ្នាក់ងារសកម្ម ប្រកបដោយចីរភាព និងអភិវឌ្ឍន៍មេត្រីបរិស្ថាន ជំរុញឱ្យប្រជា ពលរដ្ឋសម្អាតបរិស្ថានបរិវេណក្បែរលំនៅដ្ឋានដែលជាការចាប់ផ្ដើមយុទ្ធនាការ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតង និងបរិយាកាសស្អាតដោយចូលរួមចំណែកតាមរយៈគោលការណ៍ 5Rs បដិសេធការប្រើប្រាស់ ថង់ប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងក្រុងព្រះសីហនុ។