ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាល គឺឈរលើបុព្វហេតុជាតិ និងប្រជាជន

ខេត្តព្រះវិហារ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានថ្លែថា ៖ គោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ការចូលរួមចំណែកការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិ ទាំងក្នុងដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាកកាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន។ លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨០% បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើនទៅមុខទៀត។

រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភបំពានប្រទេសជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា និងប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។ សម្តេចតេជោ នឹងនៅបន្តដឹកនាំធានាការពារដាច់ខាតនូវបូរណភាពរបស់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។ ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនបែបនេះ ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាមរយៈសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម។ ពិតណាស់ ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាពនៃ សមិទ្ធផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជាទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ពិធីនេះ ក៏ប្រព្រឹត្តិទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូច្នេះ សូមយកឱកាសនេះសម្តែងនូវការគោរពដឹងគុណថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដែលបានកសាងនិងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រដ៏ច្រើនអនេក និងថ្វាយចំពោះ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជបូនីយកិច្ចតស៊ូទាមទាររហូតឈ្នះក្តីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ព្រមទាំងគោរពជូនចំពោះវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងដំណើរការនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងសំណង់ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានាជាច្រើននៅក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ហើយលក្ខណៈពិសេសរបស់ទីអារាមនេះ គឺស្ថិតនៅក្នុងតំបន់ដែលកាលពីអតីតកាល គឺជាតំបន់គ្មានប្រជាជនរស់នៅ, គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែសព្វថ្ងៃ មានវត្តអារាម, សាលារៀន, មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត បម្រើឱ្យសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយនៃការការពារនូវកេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរដែលមានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្មរវាងប្រាសាទបុរាណ បរិស្ថាន និងសហគមន៍ប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង
Open

Close