ក្រសួងទេសចរណ៍ រៀបចំពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)

មណ្ឌលគិរី ៖  កាលពីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អមជាមួយនឹងការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ មេឃុំ ចៅសង្កាត់ ព្រមទាំងមានការចូលរួមពី អ្នកវិនិយោគវិស័យឯកជនផងដែរ ។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រជា ស្ថិតនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍យ៉ាងយ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាប្រធាន អនុប្រធាន និង ឯកឧត្តមសមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ។ ឯកឧត្តមអភិបាលខេត្តក៏បានសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់បំផុត ចំពោះការអភិវឌ្ឍនៅលើទឹកដីខេត្តមណ្ឌលគិរី ជាពិសេសតាមរយ:ការដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និង ការរៀបចំយន្តការអនុវត្តការងារដែលមានការចូលរួមពីសមាសភាពតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមជាមួយគ្នានេះដែរ រដ្ឋបាលខេត្តមណ្ឌលគីរី បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមអនុវត្តន៍នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ។ ខេត្តមណ្ឌលគិរី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកំណត់យកជាខេត្តប៉ូលអភិវឌ្ឍសេដ្ឋកិច្ចទី ៤ គឺជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យអេកូទេសចរណ៍ កសិឧស្សាហកម្ម ធនធានធម្មជាតិ និង រ៉ែ ដែលសក្កានុពលទាំងអស់នេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តមណ្ឌលគីរី ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានដឹកនាំសរសេរផែនការនេះ ដោយផ្អែកលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្ដែងនៃខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវផែនការមេទាំងស្រុង ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ ដែលពោរពេញទៅដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ការវិនិយោគ និង ការបង្កើតតម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ ព្រមទាំងអន្តរវិស័យនានា គាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមួយនេះ ។ ផ្អែកលើផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី មានគោលដៅតម្រង់ទិសអភិវឌ្ឍន៍ក្នុងក្របខណ្ឌយុទ្ឋសាស្រ្តរបស់ខេត្ត ដោយឈរលើទិន្នន័យ ការវិភាគស្ថានភាពជាក់ស្តែង គ្រប់ប្រភពធនធានដែលមានសក្ដានុពលសម្រាប់ការវិនិយោគ និង អភិវឌ្ឍន៍លើវិស័យទេសចរណ៍ ព្រមទាំងអន្តរវិស័យនានា ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវខ្ពស់ ព្រមទាំងបង្កើតបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និង ប្រជាពលរដ្ឋមូលដ្ឋាន ។ ក្នុងការអភិវឌ្ឍនេះដែរ រាជរដ្ឋាភិបាលក៏បានកំណត់អំពីវិសាលភាព នៃសកម្មភាពវិនិយោគ និង ការអភិវឌ្ឍន៍តំបន់ទាំងនេះអោយបានច្បាស់លាស់ ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និង ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ព្រមទាំងសម្រេចអោយបាននូវ គោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និង ប្រែក្លាយជាខេត្តសម្រាប់ការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេសនិងការនាំចេញ ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម បានខិតខំជំរុញដល់ប្រជាកសិករឱ្យបង្កើនការដាំដំណាំបន្លែផ្សេងៗ ការចិញ្ចឹមសត្វ ព្រមទាំងផ្ដល់នូវបច្ចេកទេស ពូជ និងចងក្រងជាសហគមន៍ដើម្បីប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងការធានាបាននូវការផ្គត់ផ្គង់បន្លែនិងសាច់សម្រាប់ទីផ្សារក្នុងស្រុក ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពីវាលស្មៅ អាកាសធាតុ ធនធានព្រៃឈើ ខេត្តមណ្ឌលគិរីក៏មានចម្ការស្រល់របស់រដ្ឋនិងក្រុមហ៊ុនវិនិយោគ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ម្យ៉ាងទៀត

ក្រសួងកសិកម្មក៏មានគម្រោងរៀបចំអោយមានសួនផ្កាចំរុះលើទំហំផ្ទៃដីជាង៤៧០ហិកតា នៅស្រុកអូរាំង និង នៅក្រុងសែនមនោរម្យ ដើម្បីបង្កើតជាទស្សនីយភាពថ្មីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ៕ ដោយ៖ ចិន្តា

អត្ថបទដែលជាប់ទាក់ទង
Open

Close