អភិបាលខេត្តស្ទឹងត្រែង ៖ ការប្រារព្ធបុណ្យរុក្ខទិវានាថ្ងៃនេះ គឺពិតជារួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា!

ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ក្នុងឱកាសប្រារព្ធពិធីនោះ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង លោក គណៈអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ព្រៃឈើក្នុងខេត្ត អង្គការនិងដៃគូអភិវឌ្ឍន៍ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៧៥០នាក់។

ថ្លែងនៅក្នុងឱកាស «បុណ្យរុក្ខទិវា» នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការប្រារព្ធបុណ្យរុក្ខទិវានាថ្ងៃនេះ គឺពិតជារួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។

លោក បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា និងចូលរួមដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។

លោក ស្វាយ សំអ៊ាង បានបន្តថា ខេត្តស្ទឹងត្រែង ចាប់ពីឆ្នាំ ២០០៤ រហូតមកដល់ឆ្នាំ ២០១៩ ខេត្តស្ទឹងត្រែងបានប្រារព្ធបុណ្យរុក្ខទិវារៀង រាល់ឆ្នាំ ដោយបានដាំដើមឈើ និងធ្វើការបណ្តុះកូនឈើចែកចាយជូនប្រជាពលរដ្ឋ និង ស្ថាប័នផ្សេងៗយកទៅធ្វើការដាំដុះនៅទីតាំងផ្សេងៗ។ ជាអកុសល នៅឆ្នាំ ២០២០ និង ២០២១ ដោយសារការរាលត្បាតជាសកលនៃជំងឺកូវីដ ១៩ បុណ្យរុក្ខទិវាត្រូវបានផ្អាករៀបចំ ទើបតែក្នុងឆ្នាំ រដ្ឋបាលខេត្តស្ទឹងត្រែង និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំឡើងវិញ ។

បើតាមការបញ្ជាក់ពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២ នេះ បានកំណត់យកទីតាំងនៅបរិវេណ.រមណីយដ្ឋានសហគមន៍ព្រៃភ្នំឈ្ញោក ក្នុងភូមិសាស្រ្តភូមិ ឆ្វាំង ឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធពិធីដាំដើមឈើ និងចែកដើមឈើរួមមានដូចជាដើមក្រញ៉ូងចំនួន ៥០០ ដើម , បងចំនួន ១៨០ ដើម ក្ងោកចំនួន ៣០០ ដើម និងស្វាយកែវរមៀតចំនួន ១០០ ដើម សរុបទាំងអស់ចំនួន១០៨០ដើម ។ ក្រៅពីនេះ ខណ្ឌ រដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើដល់ព្រះសង្ឃ និងចែកកូនឈើដល់សហគមន៍ សាលារៀន និងប្រជាពលរដ្ឋចំនួន ៥ ០០០ ដើម្បីធ្វើការដាំដុះផងដែល៕ ដោយ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close