ឃាត់ខ្លួន ជនជាតិចិន ៧នាក់ ជាមួយ សារធាតុគីមី ផ្សំជាង ១៤តោន!

ខេត្តព្រះសីហនុ ៖ ឧក្រិដ្ឋជន ប៉ុនប៉ង ផលិតគ្រឿងញៀន នៅខេត្តព្រះសីហនុ ត្រូវបង្ក្រាបបានចំនួន៧នាក់ ជាមួយសារធាតុគីមីផ្សំជាង១៤តោន។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនិយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) សហការជាមួយកម្លាំងជំនាញ លោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផល បានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ទីតាំង៖
ទីតាំងទី១៖ នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ
ទីតាំងទី២៖ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងនោះកម្លាំងជំនាញ ចាប់ខ្លួនបានជនជាតិចិន ចំនួន៧នាក់ រួមមាន
ទី១ឈ្មោះ ZEN MING JIAN អាយុ៤១ឆ្នាំ
ទី២ឈ្មោះ LING YAN HONG អាយុ៤០ឆ្នាំ
ទី៣ឈ្មោះ CHAI YU ZHONG អាយុ៣៥ឆ្នាំ
ទី៤ឈ្មោះ CHEN WEI YAO អាយុ៣៨ឆ្នាំ
ទី៥ឈ្មោះ CHEN DE YAN អាយុ៤២ឆ្នាំ
ទី៦ឈ្មោះ LI CHONG HUI អាយុ៥១ឆ្នាំ។
ទី7 ឈ្មោះ TSAI CHENG WEN អាយុ៥២ឆ្នាំ។

វត្ថុតាងចាប់យកបាន សារធាតុគីមី និងគីមីផ្សំចំនួន១៤តោន និង១៦០គីឡូក្រាម ព្រមទាំងឧបករណ៍ សម្ភារកែច្នៃផលិតដូចជា ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, កែវប្រតិកម្មចំនួន០៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, កញ្រ្ចែងមួយចំនួន, ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ធុងមួយចំនួន, ជីឡៅចំនួន១០ជីឡៅ, ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង សំបកធុង២៩៨សំបក។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ផេ ប្រជាជន ខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង
Open

Close