ភ្នំពេញ៖ នៅថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឲ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់វត្តភ្នំ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ សាលាបឋមសិក្សាហាំងង៉ោស្រះចក ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ និងដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានការិយាល័យ, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តភ្នំ និងមន្រ្តីខណ្ឌ-សង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចតុមុខ សរុបចំនួន ១៥០នាក់ ។
ក្រោយពីការប្រកាសផ្ទេរ និងការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអាណត្តិថ្មី រួចមក លោក ប្រធានគណៈអធិបតី បានធ្វើការកោតសរសើរ និងផ្តាំផ្ញើទៅដល់លោកចៅសង្កាត់ដែលទើបទទួលតំណេងថ្មី និងចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអនុវត្តតាមច្បាប់ នីតិវិធី លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ជាពិសេសបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ក្នុងស្មារតីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ត និងមានចីវភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ ។