វិវាទ រវាង ក្រុមហ៊ុន បុរី VIP ជាមួយអតិថិជន ជាង១០០នាក់ ត្រូវ ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំដោះស្រាយ ព្រឹកម៉ិញនេះ!
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណី វិវាទ រវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក ពាក់ព័ន្ធ ការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានអង្គប្រជុំ បានឯកភាពដាក់កម្មវិធី ដើម្បីដោះស្រាយបញ្ហាវិវាទការសាងសង់ ការបញ្ចប់កិច្ចសន្យាសាងសង់ នៃក្រុមហ៊ុនបុរី VIP ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជន និង បាន បើកឱកាសឱ្យភាគីតំណាងប្រជាពលរដ្ឋ និង តំណាងក្រុមហ៊ុន លើកឡើងជាមតិយោបល់ ដើម្បីធ្វើការដោះស្រាយ។
កិច្ចប្រជុំជជែកគ្នាយ៉ាងផុសផុល ដោយមានការសម្របសម្រួលយ៉ាងល្អពីសំណាក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រហូតបើកផ្លូវឱ្យតំណាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និង ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក (ក្រុមហ៊ុន បុរី VIP) បង្កើតនូវកិច្ចព្រៀមព្រៀងថ្មីមួយ ដើម្បីឈានទៅរកការបញ្ចប់វិវាទទិញលក់«ផ្ទះល្វែង/វីឡា»បុរី VIP នៅស្រុកព្រៃនប់។
ក្នុងកិច្ចប្រជុំនាពេលនេះ ភាគីទាំងសងខាងបានឯកភាពព្រមព្រៀងគ្នាគោរព និង អនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
១-ភាគីក្រុមហ៊ុនបុរី VIP ធានាអះអាងនឹងចាប់ផ្តើមបន្តការសាងសង់ផ្ទះជូនអតិថិជនឱ្យបានរួចរាល់ ក្នុងរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។ ក្នុងករណី ក្រុមហ៊ុនបុរី VIP មិនអាចសាងសង់ទាន់ពេលវេលាដូចការធានាអះអាងខាងលើនេះទេ ក្រុមហ៊ុនបុរី VIP យល់ព្រមបង់ការប្រាក់ ជូនអតិថិជន ១ភាគរយ ក្នុងមួយខែ នៃទឹកប្រាក់ដែលអតិថិជនបានបង់ជូនទៅក្រុមហ៊ុនជាក់ស្តែង ក្នុងនោះក្រុមហ៊ុនយល់ព្រមរៀបចំយន្តការ នៃការទូទាត់សងការប្រាក់ជូនទៅអតិថិជន នៅស្នាក់ការលក់ផ្ទះរបស់ក្រុមហ៊ុន បុរី VIP នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ភាគីក្រុមហ៊ុនបុរី VIP នឹងប្រគល់ប័ណ្ណកម្មសិទ្ធិ រួមទាំងឯកសារផ្ទេរកម្មសិទ្ធិជូនទៅអតិថិជនណាដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% តាមកិច្ចសន្យា ក្នុងរយៈពេល ០៨ខែ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។
៣-ភាគីទាំងសងខាងយល់ព្រមជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីតាមដានការអនុវត្តការងារសាងសង់របស់ក្រុមហ៊ុនបុរី VIP។
៤-ភាគីក្រុមហ៊ុនបុរី VIP ត្រូវបន្តការសាងសង់សំណង់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យវាយតម្លៃពីវឌ្ឍនភាព នៃសំណង់ នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យអតិថិជនបន្តការបង់ប្រាក់ជូនបុរី តាមការឯកភាពជារួមរវាងក្រុមហ៊ុនបុរី VIP , អតិថិជន និងក្រុមការងាររដ្ឋបាលខេត្ត។
៥-ចំពោះអតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ត្រូវបន្តបង់ប្រាក់តាមកិច្ចសន្យានៅពេលដែលក្រុមហ៊ុនបុរី VIP សាងសង់សំណង់សម្រេចបាន តាមសមាមាត្រនៃទំហំទឹកប្រាក់ដែលអតិថិជនបានបង់ (តាមការវាយតម្លៃរបស់មន្ត្រីជំនាញ)។
៦-ភាគីក្រុមហ៊ុនបុរី VIP និងភាគីអតិថិជនយល់ព្រមអនុវត្តតាមការព្រមព្រៀងខាងលើ ក្នុងករណី ភាគីណាមួយមិនអនុវត្តតាមការព្រមព្រៀងខាងលើនេះ ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។