ឈ្មោះ ផន បើកល្បែងស៊ីសង បាញ់អាប៉ោង នៅស្រុកអង្គស្នួល ពេលនេះ…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជន និងគេហទំព័រសារព័ត៌មាន មួយដែលបាន ចុះផ្សាយនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារថា ៖ ឈ្មោះ ផន ជាម្ចាស់ផ្ទះ បានបើកល្បែងស៊ីសង បាញ់អាប៉ោង ខុសច្បាប់បានយ៉ាងរំភើយ! មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកអង្គស្នួល ចុះធ្វើការបង្រ្កាបឡើយ!។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ លោកអធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានចុះស្រាវជ្រាវ ស៊ើបអង្កេត ដល់ទីតាំងកើតហេតុនៅផ្ទះរបស់ឈ្មោះ ភឹម ផន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ឈ្មោះ ភឹម ផន បានឱ្យដឹងថា ចំពោះរូបភាពដែលត្រូវបានយកមកចុះផ្សព្វផ្សាយនោះពិតជារូបភាពនៅផ្ទះរបស់ខ្លួនប្រាកដមែន ហើយរូបភាពនោះជារូបភាពចាស់លេងតាំងពី ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកម៉្លេះ គឺលេងសប្បាយជាមួយបងប្អូនក្នុងផ្ទះប៉ុណ្ណោះ។ បច្ចុប្បន្ននេះ នៅផ្ទះខ្លួនមិនមានការលេងល្បែងស៊ីសងទៀតនោះទេ។

តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងសមត្ថកិច្ចឃើញថា នៅទីតាំងផ្ទះឈ្មោះ ភឹម ផន មិនឃើញមានការលេងល្បែងស៊ីសងខុសច្បាប់ឡើយ។

ករណីនេះ សមត្ថកិច្ចជំនាញស្រុក និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានធ្វើកិច្ចសន្យា ណែនាំ អប់រំទៅលើឈ្មោះ ភឹម ផន ជាម្ចាស់ផ្ទះទៅតាមនីតិវិធីច្បាប់ និងដាក់កម្លាំងឃ្លាំមើល បើក្នុងករណី ល្មើសពីកិច្ចសន្យា សមត្ថកិច្ចនឹងបង្រ្កាបចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close