ស្នងការខេត្តតាកែវ ព្រមានធ្ងន់ៗថា ៖ បើរកឃើញ មានភស្តុតាងគ្រប់គ្រាន់ និងត្រូវអនុវត្តវិន័យកងកម្លាំង ក៏ដូចជាវិធានការច្បាប់ មិនមានការលើកលែងនោះឡើយ!

សេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសគេហទំព័រអនឡាញមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន មានចំណងជើងថា លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទី និងកូនបង្កើតរបស់ខ្លួនជាអធិការរងទទួលព្រហ្មទណ្ឌ កាងវង់ល្បែងស៊ីសង ជាច្រើនកន្លែងក្នុងមូលដ្ឋានស្រុកបាទី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីទទួលបានឃើញការចុះផ្សាយរបស់សារព័ត៌មានខាងលើ ដែលមានការចែករំលែកតគ្នាលើបណ្តាញសង្គម លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឱ្យមានការចុះស្រាវជ្រាវបន្ទាន់មួយដើម្បីមានមូលដ្ឋានបកស្រាយជូនមហាជន បញ្ជៀសបាននូវការយល់ច្រលំពីមហាជន និងស្វែងរកការពិតឆ្លើយតបចំពោះសារព័ត៌មានជៀសវាងការចែករំលែកព័ត៌មានមិនពិត។

ក្រោយពីចុះតាមដាន ប្រមូលព័ត៌មាន ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សសូមបញ្ជាក់ជូនថា ទីតាំងដែលបានចុះផ្សាយគឺនៅចំណុចព្រៃស្វាយខាងកើតផ្លូវរថភ្លើង ស្ថិតក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ពិតជាមានការលួចលាក់ជល់មាន់ប្រាកដមែន តែមិនមានពាក់ព័ន្ធនឹងសមត្ថកិច្ចពោលគឺគ្មានអ្នកកាងដូចការចុះផ្សាយនោះទេ ទីតាំងនោះទៀតសោតក៏ធ្លាប់ត្រូវបានកម្លាំងឆ្មក់បង្ក្រាបម្តងជាពីរដងមកហើយ តែមិនទទួលបានលទ្ធផល ដោយពេលចុះទៅដល់ក្រុមអ្នកលេងបានរត់គេចចេញអស់ ដោយក្រុមអ្នកលេងល្បែងទាំងនោះបានដឹងខ្លួនមុន(មានអ្នកមើលផ្លូវឱ្យនៅច្រកចូល) ។ ផ្អែកតាមកំណត់ហេតុសាកសួរបំភ្លឺរបស់ឈ្មោះ ពៅ ជាមុខសញ្ញាលេងល្បែងជល់មាន់នៅទីតាំងនោះ ដែលបានផ្តល់ព័ត៌មានថាលោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទី ជាអ្នកកាងឱ្យលេងល្បែងជល់មាន់នៅទីតាំងខាងលើ ត្រូវបានសារព័ត៌មានចុះផ្សាយបានឱ្យដឹងថា បុគ្គលខាងលើមានឈ្មោះពិត ខាត់ ពៅ អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រេច ឃុំត្រពាំសាប ស្រុកបាទី ខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២ថ្ងៃត្រង់ រូបខ្លួន រួមជាមួយក្រុមអ្នកជល់មាន់ឯទៀតបានណាត់គ្នាទៅជល់មាន់នៅទីតាំងចំការស្វាយពិតមែន តែស្រាប់តែមានក្រុមអ្នកសារព័ត៌មាន០២នាក់ ជិះរថយន្តCamry ពណ៌សំបកឪឡឹក មិនចាំស្លាកលេខ បានមកថត ភ្លាមនោះក្រុមអ្នកជល់មាន់ក៏បានរត់ចេញអស់ សល់តែលោកម្នាក់ ក៏ត្រូវអ្នកសារព័ត៌មាន ០២នាក់នោះមកសាកសួរថា ទីតាំងនេះជារបស់លោក ឃុត ឡូ អ្នកកាងមែន? លោក ខាត់ ពៅ បានឆ្លើយថា មិនមានអ្នកណាកាងទេ គ្រាន់តែលួចជល់មួយគូរ ពីរគូរ ប៉ុណ្ណោះ! រួចក៏បែកគ្នាត្រឹមនោះទៅ ដោយមិនបានឆ្លើយចោទលោក ឃុត ឡូ ដូចការចុះផ្សាយនោះដែរ។ ទន្ទឹមនឹងនោះ កម្លាំងជំនាញបានធ្វើកិច្ចសន្យាលាយលក្ខអក្សរ ចំពោះឈ្មោះ ខាត់ ពៅ មិនឱ្យមានការប្រមូលផ្តុំលួចលាក់លេងល្បែងស៊ីសងខុសច្បាប់តទៅទៀតនោះទេ ថ្ងៃក្រោយមិនរៀងចាល និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។

ដោយឡែកការចុះផ្សាយទីតាំងជល់មាន់អនឡាញរបស់ឈ្មោះ ម៉ុក នៅភូមិឃុំកណ្តឹង ស្រុកបាទី គឺមិនមានដូចការចុះផ្សាយនោះទេ ម្តងជាពីរដងទីតាំងនេះមានសារព័ត៌មានបានចុះផ្សាយមកហើយ តែជាក់ស្តែង កម្លាំងជំនាញបានចុះឃ្លាំមើលឃើញថាគ្រាន់ជាទីតាំងអាហារដ្ឋានលក់បាយម្ហូបធម្មតាប៉ុណ្ណោះ យើងក៏ធ្លាប់បំភ្លឺជូនរួចហើយ និងបានចុះដល់គ្រប់ទីតាំង ធ្វើកិច្ចសន្យា មិនឱ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់នៅទីតាំងខ្លួន ឬជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតខ្មែរមានអាជ្ញាប័ណ្ណស្របច្បាប់(អនឡាញ)នោះឡើយ។

ទោះយ៉ាងណាក្តី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានក្រើនរំលឹកគ្រប់មន្ត្រីនគរបាលទាំងអស់ មិនឱ្យមានការគប់គិត កាងបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាព ក្នុងករណីរកឃើញ មានភស្តុតាងគ្រប់គ្រាន់ និងត្រូវអនុវត្តវិន័យកងកម្លាំង ក៏ដូចជាវិធានការច្បាប់ មិនមានការលើកលែងនោះឡើយ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា ជៀសវាងការផរិះគន់ ឬផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សិទ្ធសេរីភាពឯកជន អាចប្រឈមមុខផ្លូវច្បាប់ និងដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!!

អត្ថបទដែលជាប់ទាក់ទង
Open

Close