ទ្រាំមិនបានឆាតចូល ផេកស្នងការ ៖មានល្បែងជល់មាន់តាមអនឡាញ បើកលេងយូរណាស់មកហើយនៅក្បែរមាត់ផ្លូវតែម្ដង ពុំឃើញមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនោះទេ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ សូមជម្រាបដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មានល្បែងជល់មាន់តាមអនឡាញ បើកលេងយូរណាស់មកហើយនៅក្បែរមាត់ផ្លូវតែម្ដង ពុំឃើញមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនោះទេ ទីតាំងស្ថិតនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកស្អាង ចំណាត់ការបង្រ្កាបករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាលចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង២០នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចុះដល់ទីតាំងផ្ទះឈ្មោះ ប៉ាល់ ភាព ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់កាហ្វេ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល គឺពិតជាបានបើកលេងល្បែង(ជល់មាន់)តាមទូរទស្សន៍អនឡាញ ប្រាកដមែន។

ចំពោះម្ចាស់ផ្ទះខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការបើកផ្តល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close