លំនៅដ្ឋាន ពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង

បាត់ដំបង ៖ករណី អគ្គិភ័យ បានកើតឡើងមួយលើកបណ្តាលអោយលំនៅដ្ឋានពលរដ្ឋមួយខ្នងនិងខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៤ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកបវេលបានអោយដឹងថា៖លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆោឆេះនោះគឺជាកម្មសិទ្ធិរបស់លោកសំ ហុង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ លក់ឥវ៉ាន់ចាប់ហួយ រស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ។

សម្ភារៈដែលខាតបង់ក្នុងករណីគ្រោះអគ្គិភ័យនេះរួមមាន៖ផ្ទះមួយខ្នង ទំហំ២០គុណ៣០ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ខូតខាតអស់ទាំងស្រុង ឆេះលុយខ្មែរអស់ចំនួន៣០លានរៀល លុយដុល្លារ៥មុឺនដុល្លារ និងម្ចាស់ផ្ទះម្នាក់រងរបួសស្រាល។

ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើងគឺដោយសារឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះមានរថយន្តរបស់ក្រុមហ៊ុនរោងម៉ាសុីនកិនស្រូវ យិន ម៉ាន់ ១គ្រឿងផងដែរ បានចេញជួយបាញ់ទឹកពន្លត់អគ្គិភ័យ ទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញនិងមិនឆេះរាលដាលដល់ផ្ទះអ្នកខាង៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close