សង្ស័យមាន សាច់ក្លែម ខ្វះស្រា ទើបសម្រេចចិត្ត បែបនេះ?

ខេត្ដបន្ទាយមានជ័យ ៖ ចោរមួយក្រុម បានធ្វើសកម្មភាពលួចគាស់ធុងទឹកកក នៅតូបលក់ដូរ របស់អាជីវករ ២កន្លែង នៅចំណុចក្បែរផ្សារអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លួចយកស្រា និងភេសជ្ជៈ មួយចំនួន ទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៥១នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ទៅលើតូបលក់ដូររបស់អាជីវករឈ្មោះ ចាន់ សៀងហៃ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ទិត្យ សុង ភេទប្រុស អាយុ៤៣ឆ្នាំ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ចាន់ សៀងហៃ បានឲ្យដឹងថា ជារៀងរាល់យប់ រូបគាត់តែដេកយាមនៅក្នុងតូបជាប្រចាំ តែនៅយប់កើតហេតុរូបគាត់ មិនស្រួលខ្លួន បានទៅសម្រាកនៅផ្ទះ ធ្វើឲ្យចោរមានឱកាស លួចកាត់ធុងទឹកកក យកស្រាអស់ ០៤កេះ និងភេសជ្ជៈ អស់ប្រហែល ១កេះ និងដោះអំពូលភ្លើង យកអស់១គ្រាប់ ។

ឈ្មោះ ចាន់ សៀងហៃ បានបញ្ជាក់ថា កាលពីអំឡុង ៧ខែមុន ក៏ធ្លាប់មានចោរលួចសម្ភារៈរបស់លោក ម្ដងស្រដៀងគ្នានេះដែរ តែអស់ភេសជ្ជៈបន្តិចបន្តួច និងសាំងបន្តិចបន្តួច ។ ចំណែកតូបលក់ដូររបស់អាជីវករឈ្មោះ ទិត្យ សុង មិនបានបាត់បង់សម្ភារៈអ្វីនោះទេ ដោយសារគាត់តែងប្រមូលទុកគ្រប់ពេលគាត់បិទតូប តែកន្លងមក តូបគាត់ធ្លាប់ត្រូវបានក្មេងស្ទាវឆក់សាំងអស់២ដប ស្មើនឹង៤លីត្រ ម្តងរួចមកហើយ ។

ដោយឡែកតាមការឲ្យដឹងពី ប្រជាពលរដ្ឋក្នុងសង្កាត់អូរអំបិល បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងនូវសកម្មភាព ចោរលួចគាស់តូបលក់ដូរ, ចោរឆក់សាំង (សាំងដប), ចោរបន្លំយកស្រា និងភេសជ្ជៈផ្សេងៗ ជាដើម ធ្វើឲ្យប្រជាពលរដ្ឋកើត ក្តីព្រួយបារម្ភ ក្នុងការរស់នៅប្រចាំថ្ងៃ ។ ពួកគាត់សូមឲ្យអាជ្ញាធរ សមត្ថកិច្ច ពង្រឹងដាក់វិធានការ បង្ការនិងទប់ស្កាត់រាល់បទល្មើសខាងលើ ឲ្យល្អដូចមុន ព្រោះពីមុនមិនដែលមានសកម្មភាព ដូចនេះកើតឡើងទេ ក្នុងមូលដ្ឋានរបស់ពួកគាត់ ។

គួរបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សម្រាប់សង្កាត់អូរអំបិល ហាក់គ្មានសុវត្ថិភាពសម្រាប់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នោះទេ ពោលគឺ ការកើតមានសកម្មភាពចោរកម្មផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close