ចុះស្រាវជ្រាវ និងបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ១៥ទីតាំង ឃាត់មនុស្ស៣១នាក់…!
ភំ្នពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់តាំងកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបអ្នកប្រើប្រាស់និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំងផ្សេងគ្នា បានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងរាជធានីភំ្នពេញ ឃាត់មនុស្ស៣១នាក់មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា។
តាមរបាយការណ៍បានឲ្យដឹងថា ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ដល់២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់(ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច និងចាប់យកវត្ថុតាងរួមមាន ៖
១-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Vape ចំនួន ១៩ ឈុត
២-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Yooz ចំនួន ២១៥ ឈុត
៣-ទឹកថ្នាំបារីអេឡិចត្រូនិច Vape ចំនួន ១៤១៧ ដប
៤-ទឹកថ្នាំបារីអេឡិចត្រូនិច Yooz ចំនួន ៩៨៥ ដប និង ៩២២ ប្រអប់ ។
ដោយឡែកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងលក់បារីអាឡិចត្រូនិច (E-Cigarette) ចំនួន០៦ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន០៨នាក់(ស្រី១) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិច និងចាប់យកវត្ថុតាងរួមមាន ៖
១-បារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ៣៤០៩ ដើម
២-បារីអេឡិចត្រូនិចប្រភេទ Sisa ចំនួន ០៣ ដើម
៣-ទឹកថ្នាំបារីអេឡិចត្រូនិចប្រភេទ Vape ចំនួន ៣៨៣ ដប
៤-ក្បាលបារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ១០៣៣ ឈុត
៥-ខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ប្រអប់។
អ្នកលក់បារីអេឡិចត្រូនិច និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិចសរុបមានចំនួន ៣១នាក់ (ស្រី៤) មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ៖
ចាប់យកវត្ថុតាងសរុបរួមមាន ៖
១-បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ៣៤០៩ ដើម
២-បារីអេឡិចត្រូនិច Sisa ចំនួន ០៣ ដើម
៣-ទឹកថ្នាំបារីអេឡិចត្រូនិច Yooz និង Vape ចំនួន ២៧៨៥ ដប និង៩២២ ប្រអប់
៤-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ១២៦៦ ឈុត
៥-ខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ ប្រអប់៕