ខេត្តកណ្តាល ៖ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល និង លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ ចំនូន១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន។
ការសម្រេចឃុំខ្លួននេះ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាសដោគ្មានសិទ្ធិប្រើប្រាស់ឯកសារសាធារណៈក្លែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»តាមមាត្រា៣៧៧ និងមាត្រា៣៧៨ និង មាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
បទល្មើសទាំងនេះ បានប្រព្រឹត្តជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាកម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ បានទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ឃើញមានរថយន្តម៉ាក តូយូតាហាយឡែនឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទមួយគ្រឿង បានដឹកព្រះសង្ឃមួយចំនួន ហើយចុះបិណ្ឌបាត្រនៅមុខរោងចក្រ តាមបណ្ដោយផ្លូវលេខ៥១ ។ ក្រោយពីទទួលបានព័ត៌មាន ប៉ុស្ដិ៍នគរបាលទួលព្រេជ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកអង្គស្នួល បាននិមន្តព្រះសង្ឃ ទៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។
ក្រោយពីការសួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថាខ្លួននិងបក្ខពួកមិនមែនជាព្រះសង្ឃពិតប្រាកដឡើយដោយខ្លួននិងបក្ខពួកបានពាក់ស្បង់ចីវរជាព្រះសង្ឃដើម្បីបិណ្ឌបាត្រយកបច្ច័យមកដោះស្រាយជីវភាពក្នុងគ្រួសារប៉ុណ្ណោះ៕