គ្រួសារប្រជាពលរដ្ឋ រងគ្រោះខ្យល់កន្ត្រាក់ បក់រលំផ្ទះអស់ទាំងស្រុង នៅខេត្តកំពង់ឆ្នាំង…!

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធ៌ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ នាំយកអង្ករចំនួន ១២៥គីឡូក្រាម ស៊ីម៉ង់ត៍ ០៤បេ ស័ង្កសី ៣៥សន្លឹក មី ១កេស ត្រីខ ១យួរ អាវរងា០២ មុង០២ ម៉ាស់ ២ប្រអប់ ជែលលាងដៃ ០៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ០១គ្រួសារ មានប្តីឈ្មោះ ឌួង អៀម អាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ យុន ពៅ អាយុ ៥២ឆ្នាំ និងមានកូនចំនួន ៧នាក់ ក្នុងបន្ទុក ដែលត្រូវបានខ្យល់កន្រ្តាក់បក់រលំផ្ទះអស់ទាំងស្រុង នៅភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយបំផុតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះការខូចខាតផ្ទះសម្បែងអស់ទាំងស្រុងរបស់បងប្អូននាពេលនេះ ។ ឯកឧត្តម បានបន្តថា ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ហើយតែងតែសួរនាំ និងផ្តាំផ្ញើតាមរយៈ ឯកឧត្តមផ្ទាល់ ត្រូវចុះឲ្យដល់ទីតាំងដែលប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ ឲ្យតែជួបទុក្ខដាច់ខាតត្រូវតែជួយ ។ ឯកឧត្តម មេបញ្ជាការ ក៏បានមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត ដែលអាចកើតមានគ្រប់ពេលវេលា ។

ជាចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានក្រើនរំលឹកដល់ក្រុមគ្រួសាររងគ្រោះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់អំពីជំងឺកូវីដ-១៩ និងត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានៅពេលដែលដល់ពេលកំណត់ត្រូវចាក់ ទោះបីនៅក្នុងប្រទេសកម្ពុជាយើង ពុំមានករណីឆ្លងថ្មីរយៈពេល ជាង៥០ថ្ងៃហើយក៏ដោយ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៣ការពារ៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក្នុងគ្រួសារ ក៏ដូចជាក្នុងសហគមផងដែរ ។

ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close