ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន «នាយកដ្ឋានវិទ្យុទាក់ទងមិនមែនអ្នកជម្ងឺនគរបាលជាតិនោះទេ!»

ភ្នំពេញ៖  នារសៀលថ្ងៃទី ២៩ មិថុនា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ថ្លែងបញ្ជាក់ថា រយៈពេលជាង ៦ ខែនេះ មន្ត្រីគ្រប់ថ្នាក់នៃនាយកដ្ឋានវិទ្យុទាក់ទងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តថវិកា ធ្វើឱ្យប្រព័ន្ធវិទ្យុទាក់ទងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដំណើរការទៅយ៉ាងរលូន ដែលបច្ចុប្បន្ននគរបាលប្រមាណជាង ៧០០០ នាក់កំពុងប្រើប្រាស់ទូទាំងខេត្តកណ្តាល និងរាជធានីភ្នំពេញ ។ 

ប្រធាននាយកដ្ឋានវិទ្យុទាក់ទង រូបនេះបន្តថា  វិទ្យុទាក់ទងគឺជាមធ្យោបាយបញ្ជាដឹកនាំមិនអាចខ្វះបានរបស់រាជធានីភ្នំពេញបច្ចុប្បន្ន ដែលជាផ្នែកមួយដ៏សំខាន់កំពុងជួយរួមចំណែកដល់កិច្ចការការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសសន្តិសុខជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់បន្ថែមថា មិនត្រឹមតែនគរបាលជាតិប៉ុណ្ណោះទេ បច្ចុប្បន្ននគរបាលនាយកដ្ឋានវិទ្យុទាក់ទងក៏បានរៀបចំការប្រើប្រាស់ដល់ស្ថាប័នស៉ីវិលទៀតផងដែរ ពិសេសសាលារាជធានីភ្នំពេញ និងបណ្តាសាលាខណ្ឌទាំង ១៤ នៃរាជធានី ។ 

នាយកដ្ឋានក៏បានប្រឹងប្រែងលុបបំបាត់ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់នានាស្ទើរតែអស់ពីទឹកដីរាជធានីភ្នំពេញទៅហើយ ដែលវិទ្យុកាន់ដៃប្រមាណ ១២០០០ គ្រឿងដែលធ្លាប់ប្រើយ៉ាងអាណាធិបតេយ្យបានបាត់ពីទីសាធារណៈ ។ ទាំងអស់នេះមិនមែនរឿងចៃដន្យឡើយគឺបានពីការប្រឹងប្រែងពីមន្ត្រីគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋាន ពិសេសមានការដឹកនាំបញ្ជាផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លាពីថ្នាក់ដឹកនាំអគ្គស្នងការ ។ 

នាយកដ្ឋានវិទ្យុទាក់ទង បានដាក់ឱ្យមន្ត្រីនគរបាលគ្រប់រូបប្រើប្រាស់ប្រព័ន្ធដោយមិនគិតថ្លៃសេវាមួយកាក់មួុយសេន បើទោះបីការចំណាយរៀបចំស្ថានីយ៍ និងចំណាយការថែទាំប្រចាំថ្ងៃប្រចាំខែមានទំហំធំនិងស្មុគស្មាញយ៉ាងណាក៏ដោយ ទាំងនេះបញ្ចាក់ថា នាយកដ្ឋានវិទ្យុទាក់ទងបានធ្វើតាមតួនាទីភារកិច្ច និងកាតព្វកិច្ចអស់ពីសមត្ថភាពមានរួចហើយ ធ្វើដោយបេះដូងក្រហមជានគរបាលជាតិពិតប្រាកដ ។ 

យ៉ាងណាមិញ នាយកដ្ឋានចង់ឃើញអ្នកបានប្រើប្រាស់ហើយ ប្រើប្រាស់ដោយការទទួលខុសត្រូវ ប្រើប្រាស់ដោយគោរពតាមការណែនាំពីអគ្គស្នងការដ្ឋាន ប្រើដោយយល់ពីតម្លៃតួនាទីភារកិច្ចរបស់នាយកដ្ឋានវិទ្យុទាក់ទង ។ 

នៅមានស្ថានីយ៍ខុសច្បាប់មួយចំនួនមិនទាន់ត្រូវបានរុះរើនោះទេ ដោយពួកគេជ្រកក្រោមស្លាកស្ថាប័នរដ្ឋ ។ ដូចនេះ យើងក៏សង្កេតឃើញមានការប្រើប្រាស់វិទ្យុកាន់ដៃមួយចំនួនតូចនៅមានភាពអាណាធិបតេយ្យនៅឡើយ ការនេះនាយកដ្ឋានវិទ្យុទាក់ទងចង់បញ្ចាក់ថា នាយកដ្ឋានវិទ្យុទាក់ទងមិនអាចឱបផែនដី ទូលភ្នំ ជ្រែកដីតែម្នាក់ឯងបានទេ គ្រប់ទំហានទាល់តែការចូលរួម ។ ថ្ងៃក្រោយ បើភាពអាណាធិបតេយ្យកើតមានសារជាថ្មី នោះអ្នករាល់គ្នាមិនអាចមើលងាយបង្អាប់បន្ទាបនាយកដ្ឋានវិទ្យុទាក់ទងបានឡើយ ពីព្រោះថា ពួកយើងបានប្រឹងប្រែងធ្វើអស់ពីសមត្ថភាពរួចហើយ ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សង្កត់ធ្ងន់ថា ខ្ញុំនិយាយដោយចំហរ ឱ្យអ្នកខ្លះចេះគិត… នាយកដ្ឋានវិទ្យុទាក់ទងមិនមែនអ្នកជម្ងឺនគរបាលជាតិនោះទេ ។ នៅមានភាគបន្តទៀត….!TO BE continue…

អត្ថបទដែលជាប់ទាក់ទង
Open

Close