ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញសមានចិត្តរម្លឹកដល់គំរូវីរភាពដ៏មោះមុត និងគុណ បំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព ស្ថិរភាពសង្គមធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ភូមិអភិវឌ្ឍន៍យោធិនពិការតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្រុកគូលែន ខេត្ត សៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយ មានជ័យ ដើម្បីឆ្លើយតបទៅនឹងគុណ បំណាច់ដ៏ធំធេង ចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជនកម្ពុជា។
ឯកឧត្តម គួច ចំរើន ក៏បាននាំយកអំណោយរបស់សម្ដេចតេជោប្រគល់ជូនសមាជិក សមាគមអតីតយុទ្ធជនខេត្តព្រះ សីហនុចំនួន ១៧០នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ មី១កេស និងថវិកា ៥ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តព្រះសីហនុ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បញ្ជាក់ថាសព្វថ្ងៃនេះ សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ មានអតីតយុទ្ធជនសរុប ១,៣០៣នាក់ អ្នកនៅក្នុងបន្ទុកចំនួន ១,៨០៩នាក់ ។កន្លងមកនេះគណៈកម្មាធិការសមាគមបានសាងសង់ផ្ទះជូនអតីតយុទ្ធជនមានដី តែគ្មានផ្ទះស្នាក់នៅចំនួន ២១ខ្នង ក្នុងនោះក្រុងព្រះសីហនុ ៤ខ្នង ស្រុកព្រៃនប់ ១៥ខ្នង ស្រុកកំពង់សីលា ២ខ្នង។ បានជួបសំណេះសំណាលនិងប្រគល់ប័ណ្ណ ប.ស.ស ចំនួន ៨៣២នាក់ និវត្តជនចំនួន ៦៦៣នាក់ ជនបាត់បង់សមត្ថភាពពលកម្មចំនួន ២០នាក់ ជនពិការចំនួន ២៤៩នាក់ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារពលីមរណៈបានចំនួន ៣០៨នាក់។ បានចុះផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះដល់សមាជិកទទួលមរណភាពចំនួន ២០នាក់ ទឹកប្រាក់សរុប ៨០លានរៀល គិតត្រឹមឆ្នាំ២០២១ ដល់ឆមាសទី១ ឆ្នាំ២០២២៕