ខេត្កកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីម្ចាស់គម្រោងដីឡូតិ៍មួយកន្លែងនៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បានចាក់ដីធ្វើផ្លូវចូលគម្រោងដីឡូត៍របស់ខ្លួនដោយបានរំលោភយកប្រឡាយសាធារណៈរបស់រដ្ឋជាច្រើនម៉ែតការ៉េ លោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានបញ្ជាឲ្យមន្ត្រីជំនាញចុះពិនិត្យនិងឲ្យម្ចាស់គម្រោងដីឡូតិ៍នោះធ្វើការកាយចេញវិញភ្លាមៗតែម្ដង ដោយមិនបង្អង់យូរនោះទេ។
បើតាមលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានឲ្យភ្នាក់ងារ យើងដឹង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះថា លោកបានបញ្ជាឲ្យមន្ត្រីជំនាញនិងម្ចាស់គម្រោងដីឡូតិ៍នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលសហការគ្នាពិនិត្យនិងកាយយកអាចម៍ដីចេញេពីប្រឡាយវិញភ្លាមៗតែម្ដង។
លោកអភិបាលស្រុកបានគូសបញ្ជាក់ឲ្យដឹងដែរថា រដ្ឋបាលស្រុកអង្គស្នួលគឺមានចំណាត់ការច្បាស់លាស់ណាស់ក្នុងការដោះស្រាយរាល់បញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងរដ្ឋបាលស្រុកបនកោះហៅម្ចាស់ក្រុមហ៊ុនមកអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពចាក់ដីលុបប្រឡាយសាធារណៈជាបន្ទាន់។
គួរជម្រាបជូនថា បន្ទាប់ពីបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល ម្ចាស់ក្រុមហ៊ុនក៏បានយល់ព្រមយកគ្រឿងចក្រមកកាយយកអាចម៍ដីចេញពីប្រឡាយដែលខ្លួនបានចាក់រូចរាល់ហើយដែរ៕