ផ្ទះរបស់ម្ចាស់ខ្សែក្រវាត់ កីឡាករ ឡុង ជិន ត្រូវខ្យល់បក់បោករលំរាបដល់ដី មានសប្បុរសជន អាណិតអាសូរ និង ជួយឧបត្ថម្ភ…!
ភ្នំពេញ៖ លោកហេង ឡាលីន និងភរិយា បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនតាមរយៈភ្នាក់ងាររបស់អង្គភាពព័ត័មានមួយ ជូនដល់កីឡាករ ឡុង ជិន ដែលកំពុងមានជីវភាពខ្វះខាតស្រាប់ហើយ ថែមទាំងជួបទុក្ខ១ជាន់ទៀតដោយត្រូវខ្យល់កន្រ្តាក់បក់បោកលំនៅដ្ឋាន បណ្ដាលឲ្យដួលរលំរងការខូចខាតខ្ទេចខ្ទីអស់ទាំងស្រុងកាលពីប៉ុន្មានថ្ងៃមុននេះ។
អំណោយខាងលើនោះរួមមានថវិកាចំនួន៥០០ដុល្លារ រួមជាមួយអង្ករ ទឹកសុទ្ធ មី ត្រីខកំប៉ុង ទឹកផ្លែឈើ ស្ករ ប៊ីចេង ទឹកត្រី ទឹកសុីអុីវ សាប៊ូកក់សក់ សាប៊ូលាងចាន សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ចាន ឆ្នាំង មុង ភួយ និងកន្ទេលនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។ លោកគ្រួច វណ្ណា ភ្នាក់ងាររបស់អង្គភាពព័ត័មាន មួយ បាននាំយកអំណោយទាំងនេះទៅប្រគល់ជូនកីឡាករឡុង ជិន ដល់ផ្ទះកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា កីឡាករ ឡុង ជិន មានឈ្មោះដើម ចាន់ ជិន អាយុ២៧ឆ្នាំ គឺជាកីឡាករ ប្រដាល់សេរីគុនខ្មែរមួយរូបដែលធ្លាប់បានឡើងប្រកួតលើសង្វៀនជាច្រើនមកហើយដែរ។
កីឡាកររូបនេះមានប្រពន្ធ ឈ្មោះ ភា ស្រីមួយ អាយុ២៤ឆ្នាំ មានកូនអាយុ២ឆ្នាំ២ខែម្នាក់ ហើយប្រពន្ធក៏កំពុងតែមានផ្ទៃពោះកូនទីពីរ ៧ខែផងដែរ ។សព្វថ្ងៃមានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ទោះបីជាធ្លាប់ឡើងប្រដាល់ច្រើនលើករហូតមានគាំទ្រច្រើនមានឈ្មោះបោះសម្លេងច្រើនគួរសមក្ដី ប៉ុន្តែកីឡាកររូបនេះនៅតែមានជីវភាពខ្វះខាតមិនធូរធារនោះទេ ផ្ទះដែលគាត់និងប្រពន្ធកូនរស់នៅក្នុងផ្ទះឈើតូចមួយដែលសង់ពីឈើខ្ពស់ផុតពីដីបន្តិច ប៉ុណ្ណោះ។ដោយដំបូលនិងជញ្ជាំងបិទបាំងដោយស័ង្កសី តែជាអកុសលផ្ទះនេះត្រូវបានខ្យល់បក់បោកបណ្ដាលឲ្យដួលរលំ ខូចខាតទាំងស្រុងរងការខូចខាតខ្ទេចខ្ទីតែម្ដង។
ខណៈនោះជាសំណាងពុំបានបណ្ដាលឲ្យរូបគាត់រួមទាំងប្រពន្ធនិងកូនមានគ្រោះថ្នាក់នោះឡើយ ដោយមើលឃើញនូវទុក្ខលំបាកខ្វះខាតនេះហើយ បានធ្វើឲ្យ លោក ហេង ឡាលីន និងភរិយា មានក្ដីអាណិតអាសូរយ៉ាងខ្លាំង។ហើយដោយមិនអាមើលរំលងបាន លោកក៏បានចំណាយធន់ធានផ្ទាល់ខ្លួន ធ្វើជាអំណោយជូនដល់កីឡាកររូបនេះដើម្បីជួយសម្រាលដល់ការលំបាកខ្វះខាត មិនតែប៉ុណ្ណោះក៏មាន សប្បុរសជនមួយចំនួនផ្សេងទៀតឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
កីឡាករឡុង ជិន បានប្រាប់ឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានខ្យល់កន្រ្តាក់បក់បោកបណ្ដាលឲ្យបាក់រលំកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលនៅមុនពេលកើតហេតហេតុ ប្រពន្ធនិងកូនគាត់បានដាំបាយនៅក្រោមផ្ទះ។ខណៈនោះស្រាប់តែមេឃងងឹតហើយក៏ស្រាប់តែមានខ្យល់គួចបក់បោកមកចំតែផ្ទះគាត់មួយ បណ្ដាលឲ្យរលំប៉ើងខ្ទេចខ្ទី ដួលរាប ដល់ដី រីឯផ្ទះអ្នកផ្សេងអត់បានដួលរលំដូចផ្ទះគាត់ទេ ។ពេលនោះសំណាងដែរដែលប្រពន្ធនិងកូនគាត់មិនអីហើយបាននាំគ្នាលូនចេញពីគំនរបាក់បែកដោយសុវត្ថិភាព បន្ទាប់មកដោយមានការអាណិតអាសូរក៏មានសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភដល់គាត់ជាបន្តបន្ទាប់ ហើយថ្ងៃនេះបាន លោក ហេង ឡាលីន ជួយឧបត្ថម្ភដល់គាត់ផងដែរ។ គាត់ពិតជាមានភាពកក់ក្ដៅណាស់ហើយក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់សប្បុរសជនទាំងអស់ ជាពិសេសលោកហេង ឡាលីន និងភិយា ដែលបានជួយដល់គាត់ក្នុងពេលកំពុងជួបទុក្ខលំបាកនេះ៕