ប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សូមឆ្លើយតបជូនគណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះដែលបានខំមិនចូលផេកថ្នាក់ដឹកនាំដែលមានខ្លឹមសារថា៖
ឡូយអត់? ច្បាស់អត់ប៉ុណ្ណឹង? ចាំមើលសមត្ថកិច្ចចាប់យកមកអប់រំបានអត់? បើមានទាំងហ្វេសប៊ុក និងស្លាកលេខច្បាស់ប៉ុណ្ណឹងទៅហើយ? ក្រុមអ្នកលេងម៉ូតូកង់មួយអួតតាមហ្វេសប៑ុក មហាជនលើកឡើងថា ក្រុមក្មេងស្ទាវទាំងនេះតែងតែបង្ហោះម៉ូតូ ជាញឹកញាប់ បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមផ្លូវយ៉ាងខ្លាំង នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមបងៗប៉ូលីសជួយចាប់ណែនាំផង ព្រោះមហាជនឃើញក្មេងស្វាវ បង្ហោះម៉ូតូ នៅភូមិឃុំខាងលើ ជារៀងរាល់ថ្ងៃក្លាយជាល្បែងអួតគេអួតឯងពេញហ្វេសប៊ុកទៅហើយ!!!៕
ក្រោយទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សស្រុកកៀនស្វាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយសូមធ្វើការបំភ្លឺដូចខាងក្រោម៖
ជាលទ្ធផល
នៅថ្ងៃចន្ទ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩”០០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះស្រាវជ្រាវរកមុខសញ្ញាបង្ហោះម៉ូតូនៅក្នុងមូលដ្ឋាន ភូមិព្រែកដូង ឃុំកំពង់ស្វាយ រួចបានហៅសាមីខ្លួនរួមទាំងម៉ូតូ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីធ្វើការសាកសួរ៖
នៅចំពោះសមត្ថកិច្ច បានសារភាពថា ខ្លួនឈ្មោះ សឿន ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនឥវ៉ាន់តាមអនឡាញ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាបានបង្ហោះម៉ូតូប្រាកដមែន ដោយមានគ្នាចំនួន០៦នាក់ ម៉ូតូចំនួន០៣គ្រឿង មួយគ្រឿងជាម៉ូតូរបស់ឈ្មោះ សឿន ឌីណា ភេទប្រុស រីឯមនុស្សចំនួន០៥នាក់ និង ម៉ូតូចំនួន០២គ្រឿងទៀតសុទ្ធតែនៅភ្នំពេញទាំងអស់ ហើយការបង្ហោះម៉ូតូនេះគឺបង្ហោះនៅឯឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
បង្ហោះបានមួយលើកតាំងពីខែមករា ឆ្នាំ២០២២មកម្លេះ ហើយមិនដែលបានបង្ហោះម៉ូតូនៅក្នុងឃុំកំពង់ស្វាយឡើយ បន្ទាប់មកបានដាក់រូបភាពបង្ហោះនៅក្នុងស្តូរី កាលពីខែឧសភា ឆ្នាំ២០២២។
ក្រោយពីសួរនាំរួច កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានអប់រំណែនាំធ្វើកិច្ចសន្យា មិនអោយមានការបង្ហោះម៉ូតូបន្តទៅទៀត ។