លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ

ភ្នំពេញ៖ នៅក្នុងឱកាសសំណេះសំណាលជាមួយកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាជាង៣០០នាក់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា កាយឫទ្ធិនារីកម្ពុជាបានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃនិងការចូលរួមរបស់យុវតី កុមារីនៅក្នុងការអភិវឌ្ឍសង្គម។ លោកជំទាវបញ្ជាក់ថា កុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជានឹងមានឱកាសទទួលបាននូវការឧបត្ថម្ភទាំងផ្នែកបញ្ញាស្មារតីសម្ភារៈ ចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។ 

លោកជំទាវបណ្ឌិត ពេជនចន្ទមុន្នី បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយរឹទ្ធិកម្ពុជាគឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា។ 

លោក Scott Nisson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតពេជចន្ទមុន្នីនិងថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានយកចិត្តទុកដាក់និងដកឱកាសដល់កុមារីនៅក្នុងអង្គការ ដើម្បីឱ្យពួកគេមានការអភិវឌ្ឍខ្លួនបានល្អនៅក្នុងសង្គម។ 

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាគមកាយឫទ្ធិនារីកម្ពុជាលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារា កុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ព្យាបាល និងសកម្មភាពផ្សេងៗទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close