ខ្ញុំអាណិតក្មេងៗមួយចំនួននៅក្បែរហ្នឹង មិនគិតខំរៀនសូត្រគិតតែបុកប៊ីយែរ អនាគតទៅជាយ៉ាងណា?

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ «នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខ្ញុំឃើញមានតាបប៊ីយែរមួយកន្លែង បង្កឱ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

អាស្រ័យដូចនេះសូមថ្នាក់លើជួយមើលកូនចៅផង ដើរល្បាតរហូតតែមើលមិនឃើញ ។ ខ្ញុំអាណិតក្មេងៗមួយចំនួននៅក្បែរហ្នឹង មិនគិតខំរៀនសូត្រគិតតែបុកប៊ីយែរ អនាគតទៅជាយ៉ាងណា? ខ្ញុំមិនបន្ទោសអាជ្ញាធរទាំងស្រុងនោះទេ អាណាព្យាបាល ឬឪពុកម្តាយតំបន់នោះក៏មិនសូវខ្វល់ពីកូនចៅទេ។ ឆ្នោត បៀរ បុកប៊ីយែរ ជល់មាន់ មានសព្វគ្រប់ភូមិនេះ»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨:៣៥នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ចុះទៅដល់ទីតាំងផ្ទះឈ្មោះ វ៉ាន់ សុកាយ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាមានតាបបុកប៊ីយែរប្រាកដមែន តែពុំមានការលេងល្បែងស៊ីសងស៊ីសងឆ្នោត បៀរ និងជល់មាន់នោះឡើយ។

ចំពោះម្ចាស់ទីតាំងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាហាមដាច់ខាតមិនអោយសិស្សសាលា និងក្មេងៗ ចូលលេងបុកប៊ីយែរ រួមទាំងផ្តល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close