ទុរគត២នាក់ ប្តីប្រពន្ធ ​រស់នៅក្នុងរោងទ្រុឌទ្រោម ទទួលបានការយកចិត្តពី…!

ភ្នំពេញ៖ បន្ទាប់ពីបានឃេីញព័ត៌មានតាមបណ្តាញសង្គមស្តីពីគ្រួសារទុរគតជនពីរនាក់ប្តីប្រពន្ធភ្លាមៗនោះ នៅព្រលប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកាចំនួន​ ៥លានរៀល​ ដល់គ្រួសារទុរគតពីរនាក់ប្តីប្រពន្ធ​រស់នៅក្នុងរោងទ្រុឌទ្រោម​ នៅភូមិត្រាចទោល​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។

គ្រួសារខាងលេីនេះមានប្រពន្ធឈ្មោះ​ ផង់​ ជា អាយុ​ ៥៦ឆ្នាំ​ មានជំងឺប្រចាំកាយ និងប្តីឈ្មោះ​ ពេជ្រ​ សុខា​ អាយុ​ ៥១ឆ្នាំ​ ធ្វេីជាជាងសំណង់ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចំណែកឯកូនប្រុសស្រីទាំង២នាក់​ ធ្វេីការនៅរោងចក្រ​ ហេីយសុទ្ធតែមានគ្រួសាររៀងៗខ្លួន។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះគ្រួសារអ្នកទាំងពីរ។ លោកជំទាវ​ បានបញ្ជាក់ថា​ ៖​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានករណីគ្រួសារមួយនេះ​ សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ​ និងបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលេីកទឹកចិត្តដល់គ្រួសារប្តីប្រពន្ធខាងលេី​ ឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត​ ហេីយការផ្តល់អំណោយនាពេលនេះ​ នឹងអាចកែប្រែជីវភាពឱ្យបានល្អប្រសេីរជាងមុន»។ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ស្អាត​ ហេីយចំពោះកូនៗវិញ​ ត្រូវមេីលថែទាំឪពុកម្តាយឱ្យបានល្អដេីម្បីភាពកក់ក្តៅនៅក្នុងគ្រួសារ។

ជាកិច្ចឆ្លេីយតប​ ក្រុមគ្រួសារខាងលេី​ បានសម្តែងនូវក្តីរំភើបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក រួមមានស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close