ភ្លើងប្រច័ណ្ឌ រឹតកជនរងគ្រោះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់

ក្រុងសៀមរាប ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង​១៨:២៤នាទីល្ងាច​ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប​ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួលមួយ​ ស្ថិតនៅភូមិចុងកៅស៊ូ​ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យខាងលើនៅក្នុងបន្ទប់ដេកក្បែរ​សាកសព​ជនរងគ្រោះ​ឈ្មោះ​ ផ​.រ.ថ ភេទស្រី អាយុ២៤ឆ្នាំ​ ដោយបិទទ្វារ​ចាក់សោរ​ តែចំហរបង្អួច ភ្លាមៗ​នោះសមត្ថកិច្ចបានសហការជាមួយម្ចាស់ផ្ទះគាស់ទ្វារបន្ទប់ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សេង គីមហួរ ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរមន្រ្តីឥណទាន មានស្រុកកំណើតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកសួរនាំនៅអធិការដ្ឋាន​ក្រុងសៀមរាប​ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា​ខ្លួន​ប្រច័ណ្ឌ​ នឹងជនរងគ្រោះមានប្រុសថ្មីទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង​១០:០០នាទីព្រឹក​ ជនសង្ស័យបានទៅបន្ទប់ជនរងគ្រោះហើយឈ្លោះប្រកែក​ និងប្រតាយប្រតប់គ្នារហូតឈានដល់សម្លាប់ជនរងគ្រោះដោយធ្វើសកម្មភាពយកដៃខាងឆ្វេងរឹតកជនរងគ្រោះបណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង​ ហើយបានលើកជនរងគ្រោះដាក់លើគ្រែ ដោយដេកជាមួយរហូតដល់ធុំក្លិន​ ។

បច្ចុប្បន្ន​ជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនទៅ​ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ ០៩៧​ ៧៧៨​ ០១២៣​/​០១២​ ២៣៩​ ២៤០

 

អត្ថបទដែលជាប់ទាក់ទង
Open

Close