អភិបាលខេត្តកំពង់ឆ្នាំង ៖ ការកាត់ឆ្វៀលដីតំបន់បី ក្រុមការងារទាំងអស់ ត្រូវតែបង្ហាញភាពស្មោះត្រង់ …!

កំពង់ឆ្នាំង ៖ កាល ពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២នេះ ដោយ អនុវត្តន៍តាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជារដ្ឋាភិបាលកម្ពុជា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដាក់ផែនការអនុវត្តអនុក្រឹត្យស្តីពីការកាត់ឆ្វៀលតំបន់បី នៅតាមភូមិសាស្រ្ត បណ្តោយផ្លូវជាតិលេខ៥ និង ភូមិសាស្រ្តឃុំពាមឆ្កោកស្រុកជលគិរី ឃុំសំរោងសែន និង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង គម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោក លី សុភា ប្រធាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិរយោដីខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់នីមួយៗដែលត្រូវកាត់ឆ្វៀល ដែលជាទីតាំងភូមិថានចាស់ ដូចជា ភូមិសំរោងសែន និង ភូមិប៉ប្រក និង កែសម្រួលផ្ទៃដី ចេញពីតំបន់៣ ចូលមកតំបន់២ មាននៅឃុំសំរោងសែន និង ឃុំផ្លូវទូក ។ ជាមួយនេះរដ្ឋបាលខេត្តបានចុះកំណត់អត្តសញ្ញាណទីតាំងដីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ មានស្រុកបរិបូរណ៍ ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំង ធ្វើការកែសម្រួលពីតំបន់២ទៅជាតំបន់១ និង ចុះបញ្ជីដីជូនប្រជាពលរដ្ឋ ។
ចំពោះគម្រោងរៀបចំអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារ នៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ គឺក្រុមការងារ បានធ្វើការរៀបចំប្លង់គោលជាបន្តបន្ទាប់ហើយ សម្រាប់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ ដោយគ្រោងនឹងផ្តល់ជូន ដីលំនៅដ្ឋាន និង ដីកសិកម្ម ដែលមានហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលមូលដ្ឋាន សមស្របនឹងតំបន់អភិវឌ្ឍន៍ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដើម្បីធានាឱ្យផែនការអនុវត្តអនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលតំបន់បីខេត្តកំពង់ឆ្នាំង និង គម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅស្រុកសាមគ្គីមានជ័យ បានដំណើរការរលូន ក្រុមការងារ និង ក្រុមបច្ចេកទេស ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយទទួលម្ចាស់ការ ទទួលខុសត្រូវ ដោយអនុវត្តតួនាទីភារកិច្ច ឱ្យបានម៉ឺងម៉ាត់បំផុត ។

ឯកឧត្តម បានបញ្ជាក់ទៀតថា រាល់ពេលអនុវត្តការងារ មន្រ្តីដែលជាក្រុមការងារទាំងអស់ ត្រូវតែបង្ហាញភាពស្មោះត្រង់ បង្ហាញពីឆន្ទៈពិតប្រាកដ អនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាព ជូនប្រមុខរាជារដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីតំបន់បីនេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពិតប្រាកដ ។ ក្រុមការងារទាំងអស់ត្រូវតែចាប់ផ្តើមបំពេញការងារនេះឱ្យបានរហ័ស មានតម្លាភាព ប្រសិទ្ធភាពខ្ពស់បំផុត ហើយប្រជាពលរដ្ឋដែលរស់នៅទីតាំងភូមិស្ថានចាស់ដាច់ខាតត្រូវតែទទួលបានដីស្របច្បាប់ ពីការអនុវត្ត អនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលតំបន់បី ។

ចំពោះគម្រោងរៀបចំអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់ ចំពោះការផ្តល់ដីសម្បទានសង្គមកិច្ចនេះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close