មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអនុព័ន្ធយោធាបង់ក្លាដែស ទទួលបន្ទុកកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងយ៉ាងហ្គូន ចូលជួបសំណេះសំណាលណែនាំខ្លួន និងពិភាក្សាការងារ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំឭកអំពីចំណងមិត្តភាពយូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវមកបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ហើយរហូតមកទល់ពេលនេះ ប្រទេសទាំងពីរនៅរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជនបទ, វិស័យទេសចរណ៍ និងកសិកម្ម ជាដើម។ ចំពោះវិស័យយោធា ថ្វីត្បិតតែកិច្ចសហប្រតិបត្តិការក្នុងផ្នែកនេះនៅមានកម្រិតតិចតួច ប៉ុន្តែក្នុងអនាគតខាងមុខ គឺអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។

ជាការឆ្លើយតប លោកអនុព័ន្ធយោធាបង់ក្លាដែស បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញតួនាទីក្នុងមុខតំណែងជាអនុព័ន្ធយោធា ទទួលបន្ទុកប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីការរំពឹងទុកខ្ពស់ និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-បង់ក្លាដែស ឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍របស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសបង់ក្លាដែស ដែលបានផ្តល់សារៈសំខាន់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង
Open

Close