ពិតជាមាន ល្បែងជល់មាន់ និងអាប៉ោង ជិតផ្ទះ ចៅហ្វាយក្រុងភ្នំពេញ មែន! ឆ្ងល់ថាហេតុអ្វី អភិបាល និងអធិការខណ្ឌ មិនបង្ក្រាប ទុកទាល់តែព័ត៌មានផ្សាយព្រោងព្រាត?

ភ្នំពេញ ៖ (ព័ត៌មានបឋម) ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំង សង្វៀន ជល់មាន់ និង ល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាង អានាធិបតេយ្យ  កម្លាំងគណៈបញ្ជការឯកភាពខណ្ឌឬស្សីកែវ ធ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ដកហូតមាន់ចំនួន១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន២គ្រឿង ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង និងម៉ូតូចំនួន ៩គ្រឿង។

ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង ធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឲ្យដឹងថា មុនឈានដល់ការចុះឆ្មក់ បង្ក្រាប ទីតាំងនេះ បានសម្រេច ដោយទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានច្បាស់ការ រួចហើយបានចាត់កម្លាំង ចុះច្បាមស្រាវជ្រាវកំណត់ទីតាំងបាន ឡោមព័ន្ធចុះបង្ក្រាបតែម្ដង។

លោកអភិបាល បានបញ្ជាក់ថា ក្រោយប្រតិបត្តិការទីតាំង រោងជល់មាន់នេះ ធ្វើពីដែកប្រកស័ង្កសី  ហើយលោកបញ្ជាឲ្យកម្លាំងរុះរើចេញឲ្យអស់ មិនឲ្យកើតមានឡើងវិញនោះទេ។

ក្រោយពេល បញ្ចប់ប្រតិបត្តិការទាំងមនុស្ស និង វត្ថុតាងត្រូវបានកម្លាំងនាំយកទៅអធិការនគរបាល ខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close