ចំណាត់ការ របស់ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តកណ្តាល គ្មានប្រសិទ្ធភាព ចំពោះ ថៅកែចិន ម្ចាស់សិប្បកម្មផលិតក្រដាស ករណី លួចបង្ហូរទឹកសំអុល មានសារធាតុគីមី ចូលដីពលរដ្ឋ!
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតែបន្តសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះសិប្បកម្មផលិតក្រដាសរបស់ថៅកែជនជាតិចិនពីរនាក់ប្ដីប្រពន្ធ ដែលលួចបង្ហូរទឹកស្អុយ ទឹកមានសារធាតុគីមីយ៉ាងច្រើនមកលើដីរបស់ពួកគាត់និងអូរសាធារណៈនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ភ្នាក់ងារព័ត៌មានយើង បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ក៏ឃើញថា ពិតជាមានទឹកស្អុយ ទឹកមានសារធាតុគីមីនៅតែបន្តហូរយ៉ាងខ្លាំងចេញពីសិប្បកម្មផលិតក្រដាសរបស់ថៅកែជនជាតិចិនមកលើដីប្រជាពលរដ្ឋនិងអូរសាធារណៈនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹងប្រាកដមែន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងបន្ថែមថា ពិតជាហួសចិត្តណាស់ដែលមន្ត្រីជំនាញរបស់មន្ទីរបរិស្ថានខេត្តកណ្ដាលធ្លាប់ចុះទៅពិនិត្យចំនួន៥ដងហើយ ក៏ធ្លាប់ធ្វើកំណត់ហេតុ៣ដង និងធ្លាប់ធ្វើកំណត់ហេតុឲ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធភាពជាមួយម្ចាស់សិប្បកម្មផលិតក្រដាសរបស់ថៅកែចិននោះទេ តើឲ្យពួកគាត់សង្ឃឹមលើអ្វីទៀត សូម្បីតែអាជ្ញាធរនិងមន្ត្រីជំនាញបរិស្ថានកណ្ដាលក៏ពុំមានលទ្ធភាពអាចជួយពួកគាត់ជាប្រជាពលរដ្ឋរងគ្រោះបានផង តើដំណោះស្រាយផលប៉ះពាល់របស់ពួកគាត់នឹងត្រូវដោះស្រាយយ៉ាងណា?
គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានដាក់ពាក្យប្ដឹង ទៅលោកប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល ឲ្យជួយអន្តរាគមន៍ដោះស្រាយករណីសិប្បកម្មផលិតក្រដាស មួយកន្លែងស្ថិតនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលដែលបានបង្ហូរកាកសំណល់រាវមានក្លិនស្អុយ មានសារធាតុគីមី មកលើដីកម្មសិទ្ធិឯកជនរបស់ពួកគាត់ ជាហេតុអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។