កំពត៖ ផ្លូវមួយខ្សែប្រវែងជាង១០គីឡូ ដូចចុះនរកពីទូកមាសទៅស្ពានពោធិ៍តាស៊ុយ ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
ប្រជាពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះរដ្ឋបាលខេត្តកំពតដែលដាក់គ្រឿងចក្រមកឈូសឆាយរាប់ខែមកហើយ ស្រាប់តែទុកចោល បណ្ដាលឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកដំណើរពិបាកក្នុងការធ្វើចរាចរណ៍ ជាពិសេសពិបាកជៀសគ្នាតែម្ដង ព្រោះគេយកគ្រឿងចក្រមកឈូសកម្ទេចទាំងសងខាងផ្លូវ ដោយមកទល់បច្ចុប្បន្ននេះ គេមិនឃើញស្រមោលគ្រឿងចក្រ អាជ្ញាធរ ឬមន្ត្រីជំនាញណាចុះមកពិនិត្យនិងជួសជុលផ្លូវខាងលើនេះឲ្យបានស្អាតល្អងាយស្រួលធ្វើដំណើរនោះទេ។ កន្លងមកប្រជាពលរដ្ឋក៏ធ្លាប់បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជារឿយៗផងដែរ ករណីផ្លូវខាងលើនេះ។ ជាពិសេសស្រុកបន្ទាយមាសនេះជាស្រុកដែលសម្បូរភ្នំ រ៉ែថ្ម ខ្សាច់ រោងចក្រស៊ីម៉ងត៍មានរហូតដល់ទៅ២រោងចក្រ ប៉ុន្តែផ្លូវវិញមិនបាច់មើលនោះទេ ដូចចុះនរក។
ម្យ៉ាងវិញទៀត ផ្លូវមួយខ្សែផ្សេងទៀតចាប់ពីខ្លោងទ្វារវត្តទង់លាង រហូតទៅដល់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពតក៏ដូចជាផ្លូវចុះនរកផងដែរ ព្រោះថា ខែប្រាំងហុយងងឹតមេឃ ខែភ្លៀងបែកភក់ រអិលជាងខ្លាញ់ និងតែងតែបណ្ដាលឲ្យអ្នកធ្វើដំណើរដួលជាញឹកញាប់ក្នុងពេលរដូវធ្លាក់ភ្លៀង។
ប្រជាពលរដ្ឋបានខ្សឹបប្រាប់ អ្នកព័ត៌មានយើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះថា កន្លងមក ឯកឧត្ដម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ក៏ធ្លាប់ចុះមកឆ្ការ ដៃឆ្ការជើងពិនិត្យម្ដងរួចមកហើយដែរ ប៉ុន្តែក៏ស្ងាត់ទៅវិញទៅ ហើយផ្លូវនេះក៏បន្តពិបាក និងរងគ្រោះមកដល់បច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបន្ទាយមាសបានសំណូមពរដល់ឯកឧត្ដម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតមេត្តាចុះមកពិនិត្យម្ដងទៀតនិងជួយអន្តរាគមន៍ពន្លឿនឲ្យខាងមន្ទីរជំនាញប្រញាប់ប្រញាល់យកគ្រឿងចក្រមកឈូសឆាយចាក់បំពេញ ដាក់គ្រួស ដាក់ខ្សាច់ ដាក់ថ្ម កិនបង្ហាប់ឲ្យស្រួលធ្វើដំណើរផង កុំមកឈូសកម្ទេចឲ្យខ្ទេចហើយទុកចោលបែបហ្នឹង៕