ទឹកភ្នែក ពលរដ្ឋរងគ្រោះ ករណី ចោរឆក់ ក្នុងខណ្ឌមានជ័យ អភិបាល និង អធិការខណ្ឌ មើលអត់ឃើញ?

ភ្នំពេញ ៖ បទល្មើស បន្តកើតមានញឹកញាប់ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ហើយក៏មិនដឹងថា ជាករណី ទីប៉ុន្មាន លើក នោះទេ ដែលក្រុមជនសង្ស័យតែងតែធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមួយនេះ ខណៈសមត្ថកិច្ច ខិតខំប្រឹងប្រែងស្រាវជ្រាវដែរ ក្នុងនោះ ឃាត់បានជនសង្ស័យខ្លះ តែខ្លះទៀត ស្ងាត់ដូចចោរលួចសេះ។

នារីម្នាក់ យំរៀបរាប់ ដោយអារម្មណ៍ ភិត ភ័យជាខ្លាំង បន្ទាប់ពីមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាបយកកាបូបស្ពាយ បានសម្រេច ព្រមទាំងដកសោម៉ូតូ យកទៅបាត់ កាល ពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មាន ឈ្មោះ នឿន សៀងលី ភេទស្រី អាយុ ២១ឆ្នាំ ជានិស្សិត ច្បាប់ ស្នាក់នៅ បន្ទប់ ជួល ម្តុំ ផ្សារដី ថ្មី ក្នុង សង្កាត់ ស្ទឹងមានជ័យ ទី ៣ ខណ្ឌមានជ័យ និងមាន ស្រុក កំណើត ភូមិ ទន្លេ ជ្រៃ ឃុំ កញ្ចង់ ស្រុក ពារាំង ខេត្ត ព្រៃវែង ។
ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-5779 ។

នារីរងគ្រោះបានរៀបរាប់ទាំងអួលដើមក ថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីសាលារៀននៅម្ដុំបឹងត្របែក បំណងទៅផ្ទះជួលវិញនៅម្ដុំផ្សារដីថ្មីខណ្ឌមានជ័យ ខណៈធ្វើដំណើរហួសក្រោមស្ពានអាកាសស្ទឹងមានជ័យបានប្រហែល៣០ម៉ែត្រ ស្រាប់តែលេចមុខជនសង្ស័យមួយ ក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងក្នុងនោះមានម៉ូតូ២គ្រឿងបានជិះមកគៀរូបគាត់ឲ្យអែបខាងហើយទាញយកកាបូបស្ពាយ និងម៉ូតូ១គ្រឿងទៀតដកយកកូនសោរម៉ូតូរួចជិះទៅបាត់ដោយសុវត្តិភាព បើទោះបីរូបគាត់ស្រែកឲ្យគេឯងជួយក៏តាមមិនទាន់ដែរ ដោយបានត្រឹមឈរសម្រក់ទឹកភ្នែកសោកស្ដាយលុយកាកខំរកប៉ុណ្ណោះ ។

នារីរងគ្រោះក៏បានបញ្ចាក់ថា ក្នុងកាបូបស្ពាយរបស់គាត់ មានលុយដូល្លារ200$ លុយខ្មែរ20មុឺនរៀល កាតធានាគារ កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងសម្ភារៈសិក្សាមួយចំនួនទៀត ។

ក្រោយកើតហេតុ នារីរងគ្រោះបានទាក់ទងទៅមិត្តភ័ក្ត និងបងប្អូនឲ្យមកទទួល និងជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយតាមរក និងកំណត់មុខសញ្ញាក្រុមចោរទាំងនោះ ។

គួរបញ្ចាក់ថា ក្នុងហេតុការណ៍ខាងលើក៏មានប្រជាពលរដ្ឋ សំណូមពរដល់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ មេត្តាពង្រឹងសន្តិសុខ ការពារទប់ស្កាត់ កុំឲ្យមានបទល្មើសកើតឡើងនៅម្ដុំស្ពានអាកាសស្ទឹងមានជ័យនេះផង ព្រោះកន្លងទៅ មានប្រជាពលរដ្ឋរងគ្រោះ ច្រើននាក់ ដែលត្រូវក្រុមចោរទាំងនោះធ្វើសកម្មភាពឆក់ ឬប្លន់ ទ្រព្យសម្បត្តិមានតម្លៃរបស់គាត់បានសម្រេចជារឿយៗ។

អត្ថបទដែលជាប់ទាក់ទង
Open

Close