ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា អគ្គិភ័យបានលេបត្របាក់អស់ផ្ទះចំនួន មួយខ្នង ស្មើរនឹង ៣បន្ទប់អស់ទាំងស្រុង ក្នុងនោះ បានបណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់អស់មួយចំនួន។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្លូវបេតុង (ព្រែកបារាំង) ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះថ្មក្រោមលើឈើអស់ចំនួន ១ខ្នង ស្មើរនឹង ៣បន្ទប់ និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។
លោកវរសេនីយ៍ឯក បានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងបានធ្វើការអន្តរាគមន៍ពន្លត់ទាំងស្រុងនាវេលាម៉ោង ២និង៤៥នាទីរសៀល ដោយក្នុងនោះ កម្លាំងជំនាញរបស់យេីងប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌច្បារអំពៅ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៨ម៉ែត្រគូប និងរថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ២៦ម៉ែត្រគូប។
សូមជម្រាបថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះទៅទីតាំង នៃគ្រោះអគ្គិភ័យខាងលើភ្លាមៗផងដែរ ដើម្បីដឹកនាំកម្លាំងសហការ ជួយអន្តរាគមន៍ បាញ់ពន្លត់ ទប់ស្កាត់ កុំអោយរាលដាលទៅលំនៅឋានផ្សេងៗទៀត។