តើវាសនា លោក ចាវ សុជាតិ ម្ចាស់បុរី CS នឹងទៅជាយ៉ាងណា? បន្ទាប់ពីមេធាវីលោក ប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីសុំនៅក្រៅឃុំ រឿងចេញសែកស្អុយជាង ២៥ ម៉ឺនដុល្លារ
ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២ លោកស្រី យី សុខវួច ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក ចាវ សុជាតិ ម្ចាស់បុរីCS នៅពន្ធនាគារ PJ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
លុះមកដល់ថ្ងៃទី ២៨ មេសា ឆ្នាំ២០២២ ក្រោមដីបង្គាប់ឲ្យឃុំខ្លួនរបស់លោកស្រី យី សុខវួច ដដែល ពាក់ព័ន្ធនិងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន រឿងចេញសែកស្អុយជាង ២៥ ម៉ឺនដុល្លាររបស់ក្រុមហ៊ុនបេតុងលាយស្រាច់របស់លោក ង៉ែត ចំរើន។
បេីយោងតាមដីកាដដែលបានឲ្យដឹងទៀតថា ឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ដីឡូត៍ និងម្ចាស់បុរី CS ដែលមានទីកន្លែងកំណើតនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៣១២ ផ្លូវលំ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានីតិជន។
ដីកាបន្ដថា ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែរប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ និងថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០២២ ដែល បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
លោក ចាវ សុជាតិ ម្ចាស់បុរីCS ត្រូវបានតុលាកាចេញដីកាសម្រេចឲ្យឃុំខ្លួនបនៅ ពន្ធនាគាររាជធានីភ្នំពេញ ហៅកាត់ ប៉េហ្ស៊ី (PJ) តាំងពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។
លុះមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះមេធាវីរបស់លោក ចាវ សុជាតិ បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ជាបន្ដទៀត ដេីម្បីអោយលោក ចាវ សុជាតិ នៅក្រៅឃុំ ក្រោយសាលាដំបូងរាជធានីភ្នំពេញមិនបដិសេធមិនអោយនៅក្រៅឃុំ។
យោងតាម សំណុំរឿងសភាស៊ើបសួរលេខ ១៣១ដីកាកោះដើមបណ្តឹងរដ្ឋប្បវណី ចុះថ្ងៃទី ៣ ១ ខែឧសភា ឆ្នាំ២០២២ តំណាងមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញបានបង្កាប់មកឈ្មោះ ឡុង គឹមស៊ី ភេទប្រុស កើតឆ្នាំ១៩៨៧ មានអាសយដ្ឋានផ្ទះលេខ C07 ផ្លូវ០៣ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ឱ្យចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ០៨០០ នាទីព្រឹក
នៅបន្ទប់សវនាការទី III ជាកំណត់ ។ ដើម្បីជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ ចាវ សុជាតិ ប្តឹងឧទ្ឋរណ៍នឹងដីកាសម្រេចមិនព្រមដោះលែងឱ្យនៅក្រៅឃុំលេខ ២៦៣ ៦ “វ” ដ.ព.ស ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ និងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
សូមបញ្ជាក់ថា លោក ចាវ សុជាតិ ម្ចាស់បុរី CS បានចេញសែកចំនួន ២ដងចុងក្រោយ ដោយសែកលេីកទីមួយផុត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែរមានទឹកប្រាក់ចំនួន ១២៥,២៩០ ដុល្លារអាមេរិក និងលេីកទី២ផុតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ ទឹកប្រាក់ចំនួន ១៣៤,២៩២ ដុល្លារអាមេរិកដែលសរុបជាង២៥ ម៉ឺនដុល្លារអាមេរិក។