ភ្នំពេញ៖ បទល្មើស បន្តកើតមានញឹកញាប់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ហើយក៏មិនដឹងថា ជាករណី ទីប៉ុន្មាន នោះទេ ដែលក្រុមជនសង្ស័យតែងតែធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ទៀតសោត ក្រុមជនសង្ស័យ តែងតែគេចខ្លួនបាត់រហូត ស្របពេលដែល សមត្ថកិច្ច តាមស្រាវជ្រាវឃាត់បានជនសង្ស័យខ្លះដែរ តែខ្លះទៀត ស្ងាត់ដូចចោរលួចសេះ ។
នារី៣នាក់បានរងរបួស បែកមុខបែកមាត់ ជើងនិងដៃ ខណៈជិះម៉ូតូត្រូវចោរឆក់ទូរស័ព្ទ នោស្តុបចំការមន រួចត្រូវចោរធាក់ឱ្យដួលបោកទៅនឹងថ្នល់ នៅវេលាម៉ោង៥ព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចលើស្ពាន អាកាសស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះជិះម៉ូតូឌុបគ្នា ម៉ាកស៊ូមមើរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GG-9729 ទូរស័ព្ទដែលបាត់ទៅម៉ាក iPhone 11Pro Max ឯក្រុមចោរជិះម៉ូតូ១គ្រឿង មិនចាំភិនភាគ ។
នារីរងគ្រោះរៀបរាប់ថា រូបគាត់ទាំង៣នាក់ បានជិះម៉ូតូឌុបគ្នាដោយអ្នកបើកបរជិះបណ្តើរ និយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចស្តុបចំការមន ស្រាប់តែលេចមុខពួកចោរ ជិះម៉ូតូមកពីក្រោយ ឆក់ទូរស័ព្ទបានសម្រេច ។ ពួកគាត់ក៏ដេញតាមចោរ រហូតដល់លើស្ពាន ក៏ត្រូវចោរធាក់បណ្ដាលឱ្យដួលម៉ូតូ បែកមុខបែកមាត់ រងរបួសពេញខ្លួនប្រាណតែម្ដង ។ ភ្លាមៗរថយន្តសារម៉ុយ បានដឹកជនរងគ្រោះទាំង៣ នាក់ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកយកម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅប៉ុស្តិ៍រង់ចាំប្រគល់ឲ្យ ជនរងគ្រោះនៅពេលក្រោយ ៕ ដោយ ៖ ធ្នូជ័យ