សម្តេចតេជោ ៖ ល្ងាចនេះ ទៅសួរសុខទុក្ខ បងទីមួយ ដែលទើបវិលត្រឡប់ ពីទីក្រុងបាងកកប្រទេសថៃ ក្រោយការវះកាត់!

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការដែលមានខ្លឹមសារទាំងស្រុងថា ៖ ល្ងាចនេះ ទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ ពីទីក្រុងបាងកកប្រទេសថៃ ក្រោយការវះកាត់។ ទោះបីសុខភាព គាត់ប្រសើរជាងមុនក្តី តែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ ពីមរណភាពបងប្រុសទីពីរ នៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ២ថ្ងៃមុននេះ ជាខួបលើកទី៩ឆ្នាំ នៃមរណភាពភរិយា របស់គាត់ដែលត្រូវជាបងថ្លៃ របស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។

ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំ លើកដៃចង្អុលទៅរករូបថតដែលបងប្អូន ខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំហើយនិយាយ ថាបងប្អូនយើងមាន៦នាក់ប្រុស៣នាក់ស្រី ៣នាក់ប្រុស៣នាក់ដំបូងទើបមានស្រី៣ នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រីនិង

ប្រុសនោះទេតែគាត់ពុំបានដឹងថាពេល នេះនៅសល់តែ៥នាក់នោះឡើយ។ ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមកវិញបបួលគាត់ដូរនាឡិកាដៃដើម្បីបញ្ចប់នូវរឿងសោកសៅ។

ទ្រាំរក្សាទុកដំណឹងនេះ មិនឱយគាត់ដឹងមួយរយៈសិន ដើម្បីសុខភាពគាត់។ សង្ឃឹមថាបងទីមួយ និងវិញ្ញាណក្ខន្ធបង ទីពីរ នឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close