ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង!
ខេត្តកំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា ៖ ភាពសកម្ម រស់រវើក របស់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជានៅទូទាំងប្រទេស ពិតជាបានបង្ហាញឱ្យឃើញនូវកម្លាំងថាមពលដ៏ខ្លាំងក្លារបស់គណបក្សយើង ជាពិសេសការគាំទ្រប្រកបដោយការជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សគ្រប់អាណត្តិកន្លងមកនេះ ដោយបាននាំមកភាពសុខសាន្តសម្រាប់ជាតិ និងប្រជាជន។ ពិតណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោតដើម្បីតែប្រយោជន៍របស់គណបក្សណាមួយនោះឡើយ។ គណបក្សនយោបាយ គ្រាន់តែជាបេក្ខភាពដើម្បីបម្រើរាស្ត្រតែប៉ុណ្ណោះ។ ដូច្នេះ គឺជាការចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល, មានសមត្ថភាពថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។
ជារួម គឺគ្មានគណបក្សណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយក៏បានចូលរួមនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត។ សូមឆ្លៀតឱកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យឱ្យបានលើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ ដោយមិនអាចកើតឡើងក្នុងត្រឹមមួយប៉ប្រិចភ្នែកបានឡើយ។
ច្នេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ “សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស” ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឱ្យគ្រប់ ១០០% នោះទេ។ រដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យទាន់សំណូមពររបស់ប្រជាពលរដ្ឋដែលបន្តកើនឡើង។ ចំពោះជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”។