នៅចាំបទ Time To Rise ទេ? ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសម្រាក ព្យាបាល នៅ មន្ទីរពេទ្យ រុស្ស៊ី
ភ្នំពេញ ៖ ក្រោយទទួលដំណឹងថា ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ អ្នកចាប៉ីដងវែងដ៏ល្បីល្បាញ មួយរូបប្រចាំប្រទេស ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសម្រាក ព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ បានចាត់តំណាងនាំយកនូវិកា គ្រឿង ឧបភោគ បរិភោគ ដែលជាទឹកចិត្តសប្បុរជនចូលរួមរាយនាមដូចខាងក្រោម៖
កញ្ញា គៀង រស្មី ,កញ្ញា កង តារ៉ាវិតា ,លោក កង តារ៉ា វិឆៃ ,លោកស្រី ភិន អេងរ៉ា ,កញ្ញា សុខុម វ៉ាន់ដាលីន ,លោក សេង គីមឡើយ ,លោកស្រី នី ,លោក ភ័ក្ត្រ និង លោក ប៉ាវ ផ្លោយ ក្នុងនោះទទួលបាន ថវិកាសរុប ១៥២០០០០ ម៉ឺនរៀល អង្ករ ៥០គីឡូ២ការ៉ុង ត្រីខ៥យួរ មី១កេះ និងទឹកបរិសុទ្ធ១កេះ។
លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ សង្ឃឹមថា អំណោយមនុស្សធម៌ខាងលើនេះ នឹងរួមចំណែកសម្រាលបន្ទុកការព្យាបាលដល់ក្រុមគ្រួសារ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ លោកក៍សង្ឃឹមថា នឹងមានសប្បុរជនផ្សេងៗទៀតបានឃើញ នឹងបន្តជួយឧបត្ភម្ភ ដល់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ សូមគោរពជូនពរដល់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ឆាប់បានធូរស្បើយពីរោគា និង មានសុខភាពល្អប្រសើរឡើងវិញ។
សូមជម្រាបថា ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មានជន្មាយុ៧៧ឆ្នាំ លោកគឺជាអ្នកចាប៉ីដងវែងដ៏ល្បីល្បាញ មួយរូបប្រចាំប្រទេស ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសម្រាក ព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ក្នុងពេលជំងឺចាស់ របស់លោកមានដូចជា ជំងឺ លើសឈាម ឡើងជាតិស្ករ និងសួត មិនមានភាពធូរស្បើយ ខណៈពេលជំងឺទាំងអស់នេះ បានយាយីរូបលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក គង់ បុរាណ ត្រូវជាកូនប្រុស របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ដោយសារ ជំងឺចាស់ឪពុក របស់លោកហាក់មិនមានភាពធូរស្រាល ទើបក្រុមគ្រួសារសម្រេចយកឪពុកមកធ្វើការសម្រាក ព្យាបាលនៅមន្ទីរពេទ្យជាថ្មីម្តងទៀត។
លោកបញ្ជាក់ថា ក្រោយសម្រាក ព្យាលបាលនៅក្នុងមន្ទីរពេទ្យមួយ ឯស្រុកកំណើតមួយ រយៈខ្លីមក ឪពុករបស់លោក ក៏មានភាពធូរស្បើយបន្តិច ប៉ុន្តែរំលងបានប្រមាណ២ទៅ៣ថ្ងៃជំងឺឪពុកលោក ហាក់មានសភាពរើឡើងជាថ្មី ពេលនោះគ្រួសារលោកក៏បានរៀបចំពិធីលាងអារ័ក្សដែលជាទំនៀមទំលាប់នៅស្រុករបស់លោក។ ពិធីនេះ ត្រូវបានគេធ្វើឡើងសម្រាប់អ្នកជំងឺណា ដែលមានសភាពខ្លាំង ដើម្បីជូនជីដូនជីតា ព្រោះខ្លាចខុសមាត់ខុសក ហើយបន្ទាប់ពីរៀបចំពិធីនេះរួចហើយ គ្រួសារក៏បានបញ្ជូនឪពុករបស់លោកមកសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ីនេះតែម្តង។
លោក គង់ បុរាណ បន្តទៀតថា ក្រោយមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យនេះ ជំងឺឪពុករបស់លោកគឺនៅសភាពជាធម្មតា ប៉ុន្តែសម្រាប់ការចង់ចាំរបស់ឪពុកលោកវិញ គឺមិនសូវជាបានល្អឡើយ ពោលគឺឪពុកលោកអាចចងចាំខ្លះៗតែប៉ុណ្ណោះសម្រាប់បងប្អូនដែលមកសួរសុខទុ.ក្ខ។លោកបន្ថែមថា ការសម្រាក ព្យាបាលនៅមន្ទីរពេទ្យរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ យូរឬឆាប់អាស្រ័យទៅលើលោកស្ថានភាពជំងឺ ប្រសិនបើលោកមានភាពធូរស្រាលច្រើននោះ ក្រុមគ្រួសារនឹងយកគាត់ទៅកាន់គេហដ្ឋានវិញ ប៉ុន្តែបើអាការៈជំងឺលរបស់គាត់មិនបានធូរទេនោះ យើងនឹងបន្តអោយគាត់ស្នាក់នៅ ព្យាបាលបន្តទៀត។ ជាការកត់សម្គាល់ លោក គង់ បុរាណ ធ្លាប់បានលើកឡើងថា ជំងឺទាំងអស់ដែលកំពុងញាំញីព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នោះ ក៏ធ្លាប់ធ្វើទុក្ខជាបន្តបន្ទាប់ដែរ ប៉ុន្តែក្រោយ ព្យាបាល និងដាក់ស៊ីរ៉ូម រូបលោកក៏បានធូរឡើងវិញ ប៉ុន្តែមួយរយៈពេលនេះ ជាតិស្ករលោកឡើងខ្លាំង រហូតធ្វើអោយលោកមានអារម្មណ៍រវើរវាយ។ យ៉ាងណា បើតាមលោក គង់ បុរាណ ថា ឪពុករបស់លោកកំពុងទទួលការយកចិត្តទុក ព្យាបាលពីក្រុមគ្រួសារ ខណៈពេលរូបលោក និងក្រុមគ្រួសាររំពឹងថា ឪពុកនឹងឆាប់បានធូរស្រាលពីជំងឺឆាប់ៗនេះ។
គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មានជន្មាយុ៧៧ឆ្នាំហើយ។ លោកគឺជាអ្នកចាប៉ីដងវែងដ៏ល្បីល្បាញមួយរូប ប្រចាំប្រទេស បន្ទាប់ពីព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ខណៈពេល លោក គង់ ណៃ ក៏បានបណ្តុះបណ្តាលចាប៉ីដងវែងនេះ ដល់កូនប្រុសរបស់លោកម្នាក់ផងដែរ គឺ លោក គង់ បុរាណ នេះតែម្តង។