អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ៖ ចុះអនុវត្តលើរថយន្តធំ គឺមានបង្គាប់ការអនុវត្តត្រឹមត្រូវ មិនមែនចេះតែចុះនោះទេ!
ភ្នំពេញ៖ លោករវសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អោយដឹងតាម ហ្វេសប៊ុក messenger អោយដឹងនារសៀលថ្ងៃទី២២ ខែឧសភា ២០២២ នេះថា មន្ត្រីចុះអនុវត្តការងារកាលពីថ្ងៃសុក្រ គឺផ្តោតសំខាន់ការជាជួយសម្រួលចរាចរណ៍ ជាពិសេស គឺត្រួតពិនិត្យលើរថយន្តធន់ធំ ។ មិនមែនដូច សារព័ត៌មានមួយចំនួន ចុះផ្សាយនោះទេ! ការចុះអនុវត្តលើរថយន្តធំ គឺមានបង្គាប់ការអនុវត្តត្រឹមត្រូវ មិនមែនចេះតែចុះនោះទេ។
យោងតាមការបញ្ជាក់ពី អធិការរង ខណ្ឌកំបូល ទទួល បន្ទុកផ្នែកចរាចណ៍ ទំនាក់ទំនងប្រាប់ អ្នកសារព័ត៌មានយើង នាព្រឹកថ្ងៃទី២២ ខែឧសភា ២០២២ ថា កម្លាំងនគរបាលមួយក្រុម នៅបន្តត្រួតពិនិត្យលើផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២០ ឧសភា ២០២២ នោះ មិនមែនជានគរបាលខណ្ឌកំបូលទេ កម្លាំងនគរបាលចរាចរណ៍មួយក្រុមនោះ ជាកម្លាំងស្នងការរាជធានីភ្នំពេញ ហើយចំណុចត្រួតពិនិត្យខាងលើ មានរឿងញឹកញាបផងដែរ។
អធិការរងខណ្ឌកំបូល រូបនេះ បញ្ជាក់បន្ថែមថា កម្លាំងនគរបាលមួយក្រុម បន្តត្រួតពិនិត្យលើផ្លូវជាតិលេខ៤ ប៉ុន្មានថ្ងៃមុននោះ មិនស្ថាននៅក្រោមការបញ្ជាពី លោកអធិការខណ្ឌ ជាពិសេស លោក ឃឹម ស៊ុនសូដា ជាប្រធានគណបញ្ជាការឯកភាពខណ្ឌនោះទេ។
គួររំលឹកផងដែរថា ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទាំងចូលក្រុងភ្នំពេញ នឹងចេញពីក្រុងភ្នំពេញ មុខជាប្រទះឃើញក្រុមកម្លាំងនគរបាលចរាចរណ៍ដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បើទោះបីជាថ្មីៗនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឲ្យកម្លាំងតាមគោលដៅទាំងអស់ផ្អាកអសកម្មភាពមួយរយៈខ្លី ដើម្បីទុកឱកាសឲ្យបណ្ដាគណបក្សនយោបាយធ្វើការឃោសនាក៏ដោយចុះ។
ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នេះ ត្រូវបានប្រជា ពលរដ្ឋរិះគន់ថា មិនបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អ្វីជាដុំកំភួននោះឡើយ។ ផ្ទុយទៅវិញ គឺជាបញ្ហាផលប្រយោជន៍របស់ពួកមន្ត្រីមួយក្រុមនោះដែលតែងតែធ្វើជារៀងរាល់ពេល ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរយ៉ាងណាក៏ដោយ។ ពួកមន្ត្រីនគរបាលចរាចរណ៍ដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតំបន់នោះឆែកឆេរសួររកនេះរកនោះមិនចេះអស់មិនចេះហើយ។ និយាយរួមទៅប្រសិនបើគ្មានប្រាក់ឱ្យពួកគេ គឺមិនអាចធ្វើដំណើរចេញបានឡើយ។
ថ្មីៗនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យកម្លាំងមានសមត្ថកិច្ចនៅតាមដងផ្លូវទាំងអស់ទាំងនៅកណ្ដាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាផ្លូវសំខាន់ៗចេញ-ចូលពីរាជធានីភ្នំពេញ ផ្អាកអសកម្មភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យឆែកឆេរ ជាពិសេសប៉ុស្តិ៍ត្រួតពិនិត្យរបស់កម្លាំងនគរបាលចរាចរណ៍។ ប៉ុន្តែគេសង្កេតឃើញថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍មួយក្រុមនៅតែបន្តធ្វើសកម្មភាពត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយដាក់នៅគោលដៅក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញដោយមិនព្រមអនុវត្តតាមការណ៍ស្នើសុំរបស់អភិបាលរាជធានីភ្នំពេញនោះឡើយ។
គេមិនដឹងថា តើហេតុអ្វីបានជាកម្លាំងទាំងនោះនៅតែបន្តផ្គើនចំពោះបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ? ឬមួយបទបញ្ជានោះមិនទាន់ចូលជាធរមាននៅឡើយទេ? យ៉ាងណាក៏ដោយគេសង្កេតឃើញថា នៅបណ្តាតាមគោលដៅផ្សេងៗ កម្លាំងដែលធ្លាប់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានដករួចអស់ហើយ នៅឡើយតែកម្លាំងដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌដំបូលនេះតែប៉ុណ្ណោះ ដែលឃើញនៅធ្វើសកម្មភាពនៅឡើយ។
ជុំវិញនិងពលរដ្ឋរិះគន់ខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំពន្យល់ពីលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញទទួលផែនចរាចរណ៍បានទេ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ តាមប្រព័ន្ធតេឡេក្រាម ដោយគាត់ចូលមើហើយតែមិនឆ្លើយតប។
ដោយឡែក លោក ម៉េត មាស ភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏មិនអាចសុំការពន្យល់បានដែរ ដោយលោកចូលមើលតេឡេក្រាមហើយ តែមិនឆ្លើយតប៕