ព្រឹត្តិការណ៍ម៉ូតូទឹកអន្តរជាតិនៅកម្ពុជាប្រារព្ធពិធីបើកជាផ្លូវការ ជាមួយនឹងគោលបំណងចម្បងៗ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុបានថ្លែងក្នុងឱកាសបើកការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា ព្រឹត្តិការណ៍អន្តរជាតិនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងធំៗ ចំនួន៣។

បំណងចម្បងៗចំនួន៣នេះ ត្រូវបានឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ទី១.គឺដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣។ ២.វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣ និងទី៣ គឺចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសបង្ហាញពីការចាប់ផ្តើមស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡា ក៏បានយកចិត្តទុកដាក់ សំដៅកសាងធនធានមនុស្សឱ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមក៏អំពាវនាវ ដល់វិស័យឯកជន សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ។ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំនេះមានប្រតិភូ កីឡាករ កីឡាការិនីខ្លាំងៗចំនួន៦០នាក់កម្រិតអន្តរជាតិ និងពិភពលោកមកចូលរួមប្រកួតដណ្ដើមពានរង្វាន់ និងប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ។

ក្នុងនោះក៏មានកីឡាករកម្ពុជាឆ្នើមៗចូលរួមប្រកួតដែរ ដូចជា វីរៈកីឡាករ សលី អ៊ូមើត ម្ចាស់មេដាយមាស អាស៊ីហ្គេម ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី, កីឡាករជម្រើសជាតិ ម៉ឹន មូសស្តាន កៃ វ៉ាន់ស៊ីដែន សាលី ហ្វីលីន ម៉ីន អូស្មាន់ ជាដើម។ ព្រឹត្តិការណ៍នេះមានកីឡាការមកពី៤ប្រទេសគឺ ម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ ប្រកួតលើ៧វិញ្ញាសា និងមានគណៈកម្មការបច្ចេកទេសអន្តរជាតិមាន ១៣នាក់ និងគណៈកម្មការថ្នាក់ជាតិ ៣៥នាក់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close