ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សាសនា បង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន
ខេត្តកំពត ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា ៖ សាសនា បង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាសចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើតឡើងរួចមកហើយនៅក្នុងរបបប៉ុលពត។ ក្នុងន័យនេះ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយមិនរត់ចោលរាស្ត្រទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។ នេះ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ។
ឯកឧត្តម បណ្ឌិត បន្តថា សាសនា ពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។ ម្យ៉ាងវិញទៀតការអប់រំផ្នែកពុទ្ធសាសនា ក៏ត្រូវបានបញ្ចូលរួមផ្សំជាមួយនឹងប្រព័ន្ធអប់រំផ្នែកអាណាចក្រ សំដៅធ្វើយ៉ាងណាឱ្យកុលបុត្រ កុលធីតាខ្មែរ ក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពបញ្ញាស្មារតីភ្លឺស្វាង ដែលនឹងចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវនៅក្នុងការកសាងភាពសុដុមរមនានៅក្នុងសង្គម និងដំណើរការនៃការអភិវឌ្ឍជាតិ។
ឯកឧត្តម បណ្ឌិត ថ្លែងបញ្ជាក់បន្ថែមថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវបានគ្រោងទុកមកជាយូរមកហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើងអាចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបីជាមិនទាន់ផុតរលត់ទាំងស្រុកក៏ដោយ។ មួយវិញទៀត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ប្រជាពលរដ្ឋមូលដ្ឋាន រួមនឹងអ្នកទេសចរជាតិ-អន្តរជាតិនៅក្នុងខេត្តកំពតផ្ទាល់ ក៏ដូចជានៅទូទាំងប្រទេស បានចូលរួមអបអរសាទរ និងលេងកំសាន្តយ៉ាងសប្បាយរីករាយ ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីលំនឹងស្ថិរភាពរបស់កម្ពុជា ខណៈដែលមេរោគក៏កាចសាហាវនេះនៅកំពុងបន្តគំរាមកំហែងនៅក្នុងប្រទេស និងតំបន់មួយចំនួននៅឡើយ។ ស្ថានការណ៍ប្រកបដោយលក្ខណៈអំណោយផលនេះ មិនបានកើតឡើងដោយចៃដន្យនោះទេ។ ពិតណាស់ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ក្នុងការសម្រេចដាក់ចេញ និងអនុវត្តគ្រប់វិធានការ រួមទាំងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋផ្ទាល់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមអនុមោទនាត្រេកអរចំពោះសំណង់ព្រះវិហារថ្មីដ៏ស្កឹមស្កៃ និងជាសមិទ្ធផលថ្មីមួយទៀតផ្នែកព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់នៅលើទីតាំងគួរជាទីមនោរម្យក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត និងសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ទីអារាមនេះ ដែលត្រូវបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩៦២ សម័យសង្គមរាស្រ្តនិយម ដោយមានអាយុកាលប្រមាណ ៦០ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម។ នៅក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងវិញសម្រេចបានសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដោយមានការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។